ហុងកុង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្អូនស្រីរបស់តារាសម្ដែងហុងកុងលោក Chow Yun Fat គឺអ្នកនាង Chow Chung Ling បានបដិសេធពាក្យចចាមអារ៉ាមថា ត្រូវបានបងប្រុសរបស់នាងធ្វើបាប បន្ទាប់ពីរូបថតរបស់នាងកំពុងដេកនៅលើកៅអីសួនមួយបានចាប់ផ្តើមផ្សព្វផ្សាយតាមអ៊ីនធើណេត។
នេះបើយោងតាម The Star បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានប៉ាន់ស្មានថា អ្នកនាងអាចនឹងដេកនៅខាងក្រៅ ដោយសារតែខ្វះជំនួយផ្នែកហិរញ្ញវត្ថុពីបងប្រុសដ៏ល្បីរបស់នាង ។ ខណៈអ្នកនាង Chow Chung Ling បញ្ជាក់ថា រូបភាពនេះថតពេលអ្នកនាងសម្រាកពេលធ្វើការក្នុងសួនច្បារ មិនមែនដោយសារបញ្ហាហិរញ្ញវត្ថុទេ។
អ្នកនាងបានសង្កត់ធ្ងន់ថា បងប្រុសរបស់អ្នកនាងមានចិត្តសប្បុរស ដោយបានទិញផ្ទះជូនបងប្អូនបង្កើត ហើយពួកគេពិតជាដឹងគុណយ៉ាងខ្លាំងចំពោះការគាំទ្រ។
ពាក្យចចាមអារ៉ាមនេះបានចាប់ផ្តើម បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយហុងកុងបានចុះផ្សាយរូបថតរបស់អ្នកនាងChung Ling នៅលើកៅអីសួនឧទ្យាន នាំឲ្យមនុស្សមួយចំនួនចោទជាសំណួរថា តើលោក Chow Yun Fat ដែលមានទ្រព្យសម្បត្តិប្រហែល ៥.៦ពាន់លានដុល្លារហុងកុង (៧២០លានដុល្លារអាមេរិក) កំពុងធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុដល់គ្រួសាររបស់គាត់ឬអត់។ ជាការឆ្លើយតប Chung Ling បានសម្តែងមោទនភាពចំពោះឯករាជ្យភាពរបស់នាង ដោយនិយាយថា “ខ្ញុំមានសមត្ថភាពធ្វើការ ហើយមិនចាំបាច់ពឹងផ្អែកលើនរណាម្នាក់” ។
អ្នកនិយមលេងអ៊ីនធើណេតជាច្រើនបានរកឃើញពាក្យចចាមអារ៉ាមគួរឲ្យសង្ស័យ ដោយបានកត់សម្គាល់ថាទោះបីជាសម្លៀកបំពាក់របស់នាងមានលក្ខណៈសាមញ្ញក៏ដោយ ក៏នាងត្រូវបានគេឃើញកាន់កាមេរ៉ាអាជីពកម្រិតខ្ពស់ផងដែរ។ ស្ត្រីវ័យ ៧៧ ឆ្នាំរូបនេះ ដែលគេស្គាល់ថា ស្រលាញ់ការថតរូប បានធ្វើការតាំងពិព័រណ៍ជាច្រើនក្នុងទីក្រុងហុងកុង៕