យូអិន៖ ក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសកូរ៉េខាងជើងធ្វើឱ្យប្រសើរឡើង នូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសស្របតាមអនុសាសន៍ជិត ៣០០ ដោយដោះស្រាយបញ្ហាដូចជាបញ្ហាជាច្រើនទសវត្សរ៍ នៃការចាប់ពង្រត់ជនជាតិជប៉ុន។
របាយការណ៍របស់ក្រុមនេះបានបង្ហាញពីអនុសាសន៍សរុបចំនួន២៩៤ ដែលគ្របដណ្តប់លើការធ្វើទារុណកម្ម ការកាត់ទោសប្រហារជីវិត និងប្រព័ន្ធ “songbun” ដែលចាត់ថ្នាក់ប្រជាជនដោយផ្អែកលើប្រភពដើម។ ការពិនិត្យឡើងវិញដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន គឺជាលើកដំបូង សម្រាប់កូរ៉េខាងជើងក្នុងរយៈពេល ៥ឆ្នាំ។
ក្រុងព្យុងយ៉ាង បានសន្យាថានឹងឆ្លើយតបមុនពេលក្រុមប្រឹក្សាបើកសម័យប្រជុំនៅខែកុម្ភៈ ប៉ុន្តែបានប្រាប់ថា ខ្លួននឹងបដិសេធមិនចាត់វិធានការភ្លាមៗចំពោះបញ្ហាមួយចំនួនឡើយ។
ក្នុងអំឡុងពេលនៃការត្រួតពិនិត្យនេះ លោក Jo Chol Su ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំការិយាល័យអង្គការសហប្រជាជាតិទីក្រុងហ្សឺណែវ បានប្រកាសថា អនុសាសន៍ទាំងអស់នឹងត្រូវបានសិក្សាជាមួយភាគីពាក់ព័ន្ធថ្នាក់ជាតិ “ដើម្បីបកប្រែវាឱ្យក្លាយជាការពិត”។
លោកបានលើកឡើងថា ការឆ្លើយតបជាផ្លូវការរបស់ប្រទេស “នឹងត្រូវបានបង្ហាញក្នុងពេលសមស្រប គឺមិនយឺតជាងសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា