ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ត្រៀមទទួលរង នូវឥទ្ធិពលពីព្យុះទីហ្វុង ថ្មីមួយទៀតឈ្មោះថា Man-yi ក្រោយពីព្យុះ Usagi បានថយចុះឥទ្ធិពល

AFP

ម៉ានីល ៖ ព្យុះទីហ្វុង Usagi បានចុះខ្សោយយ៉ាងខ្លាំងនៅថ្ងៃសុក្រនេះបន្ទាប់ពីបានបោក បក់មកលើទីប្រជុំជនភាគខាងជើង របស់ប្រទេសហ្វីលីពីន ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងនៅតាមផ្លូវរបស់ខ្លួន   ខណៈអាជ្ញាធរទប់ទល់នឹងព្យុះមួយទៀត ដែលអាចវាយប្រហាររដ្ឋធានីម៉ានីលនៅចុងសប្តាហ៍នេះ ។

ព្យុះ Usagi ដែលគេស្គាល់ក្នុងស្រុកថា Ofel បានវាយលុកទៅជាព្យុះទីហ្វុងដ៏ខ្លាំងមួយ ខណៈព្យុះនេះបានបោកបក់មកលើទីប្រជុំជន Baggao ក្នុងខេត្ត Cagayan កាលពីរសៀលថ្ងៃព្រហស្បតិ៍ ។

ទីភ្នាក់ងារឧតុនិយមហ្វីលីពីន Pag-asa បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ព្យុះ Usagi បានចុះខ្សោយ ហើយឥឡូវនេះកំពុងឆ្ពោះទៅកាន់កោះតៃវ៉ាន់ ។

ព្យុះ Usagi គឺជាព្យុះស៊ីក្លូនទី១៥ដែលបានវាយប្រហារហ្វីលីពីននៅក្នុងឆ្នាំនេះ ។ ក្រុមមន្ត្រីកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្យុះទីហ្វុងមួយទៀតគឺ ព្យុះ Man-yi ដែលអាចវាយប្រហារទីក្រុងភាគខាងកើត និងតំបន់រដ្ឋធានីនៅចុងសប្តាហ៍នេះ ខណៈវាបន្តមានកម្លាំងខ្លាំងនៅភាគខាងលិចប៉ាស៊ីហ្វិក ។

ទីភ្នាក់ងារ Pag-asa បានបញ្ជាក់ថា ព្យុះ Man-yi អាចក្លាយជាព្យុះទីហ្វុងដ៏ខ្លាំងក្លានៅព្រឹកថ្ងៃអាទិត្យ ។

មិនទាន់មានការរាយការណ៍ពីអ្នកស្លាប់ និងរបួសពីព្យុះ Usagi នៅឡើយទេ សូម្បីតែមនុស្សរាប់ពាន់គ្រួសារដែលរស់នៅក្នុងសហគមន៍ងាយរងគ្រោះបានភៀសខ្លួនមុនពេលមកដល់ក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top