JOHANNESBURG ៖ ប៉ូលិសខេត្តបានប្រកាសឲ្យដឹង កាលពីថ្ងៃពុធថា អ្នកជីករ៉ែខុសច្បាប់ប្រមាណ ៤.០០០នាក់ នៅតែជាប់គាំងនៅក្រោមដីនៅឯទីក្រុង Stilfontein ខេត្ត North West របស់ប្រទេសអាហ្រ្វិកខាងត្បូង ដោយប្រតិបត្តិការជួយសង្គ្រោះបច្ចុប្បន្ន ត្រូវបានផ្អាកដោយសារភ្លៀងធ្លាក់ចុះខ្លាំងពេក ។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទីភ្នាក់ងារ Xinhua អ្នកនាំពាក្យប៉ូលិសប្រចាំនៅខេត្ត North West លោក Sabata Mokgwabone បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដែលដឹកនាំដោយសហគមន៍នឹង បន្តឡើងវិញនៅគ្រា ដែលអាកាសធាតុបានស្ងប់ស្ងាត់ ។
លោក Mokgwabone បានពន្យល់ថា ស្ថានភាពបានចាប់ផ្តើមនៅថ្ងៃទី២ ខែវិច្ឆិកា នៅគ្រាដែលកម្មកររុករករ៉ែខុសច្បាប់ជាង៥០នាក់បានផុសចេញពីកន្លែងសុវត្ថិភាព Margaret ដោយរាយការណ៍ថា អ្នកផ្សេងទៀតនៅក្រោមដីនៅឡើយទេ ។ លោកបានកត់សម្គាល់ថា អ្នកជីករ៉ែដែលជាប់គាំង ដែលបច្ចុប្បន្នត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល៤.០០០នាក់ ស្ថិតនៅក្នុងអណ្តូងរ៉ែផ្សេងទៀតដែលមិនប្រើ និង “គ្រោះថ្នាក់” ឆ្ងាយពីច្រាំងនៃអណ្តូងរ៉ែ Margaret ។
លោក Mokgwabone បានបញ្ជាក់ថា “យើងនៅតែស្ថិតនៅក្បែរនោះ ។ វាមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រតិបត្តិការបានបញ្ឈប់នៅពេលនេះ” ។
អ្នកនាំពាក្យខាងលើនេះបានឲ្យដឹងទៀតថា សមាជិកសហគមន៍មួយចំនួនបានចុះទៅក្រោមដីកាលពីថ្ងៃអង្គារដោយប្រើខ្សែពួរ ដែលពួកគេសង្កេត ឃើញអ្នកជីករ៉ែរាប់ពាន់នាក់ រួមជាមួយនឹងសាកសពជាច្រើន ។ ពួកគេបានផ្តល់អាហារ និងទឹកដល់កម្មកររ៉ែដែលនៅជាប់គាំង ។ ប៉ូលិស និងបុគ្គលិកពេទ្យក៏មានវត្តមាន នៅកន្លែងកើតហេតុនោះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា