ព័ត៌មានអន្តរជាតិ

ក្រុមប្លុកសេដ្ឋកិច្ច BRICS ប្រកាសឈ្មោះប្រទេសដែលទទួលបាននាមជាដៃគូថ្មីរបស់ខ្លួន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Aleksandr Pankin បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូណេស៊ីបានទទួលឋានៈជាដៃគូថ្មីពីសំណាក់ក្រុមសេដ្ឋកិច្ច BRICS ហើយក្នុងនោះសារព័ត៌មានរុស្ស៊ី រាយការណ៍ថា ម៉ាឡេស៊ី និងថៃ ក៏បានទទួលការចាត់តាំងនេះដែរ។

លោក Pankin បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ខណៈកំពុងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងលីម៉ា ប្រទេសប៉េរូ។

និយាយអំពីកិច្ចប្រជុំកំពូល BRICS ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Kazan កាលពីខែមុន លោក Pankin បាននិយាយថាខ្លួនបានបង្ហាញពីបំណងប្រាថ្នារបស់មនុស្សភាគច្រើនលើពិភពលោកក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកដ៏ត្រឹមត្រូវ អនុវត្តកំណែទម្រង់ស្ថាប័នអន្តរជាតិ និងកសាងទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយសមធម៌។

អនុរដ្ឋមន្ត្រីការបរទេសដដែលបាននិយាយថា មានកិច្ចការងារជាច្រើនដែលសុទ្ធតែគួរឱ្យចាប់អារម្មណ៍ នៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម រួមមានទាំងការវិនិយោគ បញ្ញាសិប្បនិមិត្ត ថាមពល និងអាកាសធាតុ ក៏ដូចជាភស្តុភារត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូល។ លោក​បាន​និយាយ​ថា​៖ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​រដ្ឋ​សមាជិក APEC បាន​ក្លាយ​ជា​ប្រទេស​ដៃគូ BRICS ជាផ្លូវការ។

គួរឲ្យដឹងដែរថាឋានៈ’ប្រទេសដៃគូ’ ថ្មីត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ Kazan ហើយមានបំណងបម្រើជាជម្រើសមួយសម្រាប់សមាជិកភាពបន្ទាប់ពីប្រទេសជាង ៣០ ទៀតបានដាក់ពាក្យចូលរួមជាមួយអង្គសេដ្ឋកិច្ចដ៏ធំថ្មីនេះ៕

ប្រែសម្រួល៖ ស៊ុនលី

To Top