បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលរុស្ស៊ី បានប្រកាសដាក់កម្រិត ជាបណ្ដោះអាសន្នលើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ទៅកាន់សហរដ្ឋអាមេរិក ។
ប្រភពដដែលបានសរសេរដែរថា ការសម្រេចចិត្តនេះគឺ ជាការឆ្លើយតបនឹងការហាមប្រាម ដោយក្រុងវ៉ាស៊ីនតោនលើការទិញប្រេងនុយក្លេអ៊ែររបស់រុស្ស៊ី ។
យោងតាមឯកសារ ដែលបានចេញផ្សាយតាមអ៊ីនធឺណិត ដោយរដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃសុក្រ វិធានការនេះក៏ទាក់ទង នឹងការនាំចេញក្រោមកិច្ច ព្រមព្រៀងពាណិជ្ជកម្មបរទេស ជាមួយបុគ្គលដែលបានចុះបញ្ជី នៅក្នុងដែនសមត្ថកិច្ច របស់សហរដ្ឋអាមេរិកផងដែរ។
យ៉ាងណាក្តីករណី លើកលែង មួយត្រូវបានធ្វើឡើងសម្រាប់ការ ផ្គត់ផ្គង់ក្រោមអាជ្ញាប័ណ្ណតែម្តង ដែលចេញដោយ សេវាសហព័ន្ធ សម្រាប់ការត្រួតពិនិត្យបច្ចេកទេស និងការនាំចេញ។
កាលពីខែកញ្ញា លោក Vladimir Putin បានស្នើឱ្យកំណត់ការនាំចេញវត្ថុធាតុដើមសំខាន់ៗជាយុទ្ធសាស្ត្រមួយចំនួន រួមទាំងសារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់ទីផ្សារពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ង របស់លោកខាងលិច ដើម្បីរារាំងការចូលប្រើប្រាស់របស់រុស្ស៊ី ចំពោះទំនិញផលិត ពីបរទេសមួយចំនួន។
ប៉ុន្តែបន្ទាប់មកលោក Putin បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា ទោះបីជាមានការរឹតបន្តឹង របស់លោកខាងលិចក៏ដោយ ក៏រុស្ស៊ីនៅតែបន្តផ្គត់ផ្គង់ ទំនិញមួយចំនួនទៅ កាន់ទីផ្សារពិភពលោក ក្នុងបរិមាណច្រើនហើយ ក្នុងករណីខ្លះអ្នកទិញ កំពុងស្តុកទុកផលិតផលរុស្ស៊ី ដោយភាពរីករាយនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី