ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដោយទុកឲ្យអាមេរិកទទួលខុសត្រូវ

AFP

រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីន បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សា ដោយឱ្យរដ្ឋបាលសហរដ្ឋអាមេរិកទទួលខុសត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានប្រែក្លាយការបន្តជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងនយោបាយរបស់សហរដ្ឋអាមេរិក ទៅជាការសម្លាប់ដែលឆក់យកជីវិតកុមារ និងស្ត្រីរាប់សិបនាក់។

លោក Abu Rudeineh បានចាត់ទុករដ្ឋបាលរបស់សហរដ្ឋអាមេរិកទទួលខុសត្រូវទាំងស្រុងចំពោះការបន្តនៃ “ការឈ្លានពានបង្ហូរឈាម” ដែលជាលទ្ធផលនៃការផ្តល់ឱ្យអ៊ីស្រាអែលនូវការការពារនយោបាយ ដើម្បី “គេចចេញពីការដាក់ទណ្ឌកម្ម និងប្រឆាំងនឹងការសម្រេចចិត្តស្របច្បាប់អន្តរជាតិ” ។

កាលពីថ្ងៃអាទិត្យផងដែរ ក្រសួងការបរទេសប៉ាឡេស្ទីន បានចាត់ទុកថា សហគមន៍អន្តរជាតិទទួលខុសត្រូវចំពោះការបន្ត “ការផ្លាស់ទីលំនៅ និងការអត់ឃ្លាន” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីបង្ខំអ៊ីស្រាអែលឱ្យអនុវត្តដំណោះស្រាយ និងបទបញ្ជារបស់អង្គការសហប្រជាជាតិ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩៦ នាក់ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅភាគខាងជើងនិងកណ្តាលហ្គាហ្សាស្ទ្រីបក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ។

ការវាយប្រហារនេះគឺជាផ្នែកមួយនៃការវាយលុកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមជាការឆ្លើយតបទៅនឹងការវាយលុករបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២ឥ២៣។ ការវាយប្រហាររបស់ក្រុមហាម៉ាស់ បានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១,២០០ នាក់ និងបាននាំឱ្យមនុស្ស ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top