កាធុម៖ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានឲ្យដឹងថា យុទ្ធជនទាហានប៉ារ៉ាចំនួន ១៥០នាក់ នៃកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធមួយនៅ El Faser រដ្ឋធានីនៃរដ្ឋ North Darfur ក្នុងប្រទេសស៊ូដង់ភាគខាងលិច ។
បញ្ជាការនៃកងពលធំថ្មើរជើងទី៦ របស់ SAF នៅ El Fasher បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងរបស់យើង បានចូលរួមនៅក្នុងការប្រយុទ្ធបន្ត អស់រយៈពេលជាងពីរម៉ោង នៅភាគអាគ្នេយ៍នៃទីក្រុង El Fasher” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “មូលដ្ឋានកងជីវពលជាច្រើន ត្រូវបានចាប់យកមកទល់ពេលនេះ ជាមួយនឹងការបាត់បង់ជីវិតរបស់សត្រូវប៉ាន់ស្មានថាមានចំនួន ១៥០នាក់” ដោយកត់សម្គាល់ថា អង្គភាព SAF កំពុងមានការរីកចម្រើន គួរឱ្យកត់សម្គាល់។
RSF មិនបានធ្វើអត្ថាធិប្បាយអំពីសមរភូមិនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ូដង់បានជាប់នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃរវាង SAF និង RSF ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣។ ជម្លោះដ៏សាហាវនេះបានបណ្តាលឱ្យមនុស្សស្លាប់ជាង ២៤,៨៥០នាក់ និងមនុស្សជាង ១៤ លាននាក់បានផ្លាស់ទីលំនៅ នេះបើយោងតាមការប៉ាន់ស្មាន របស់អង្គការអន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា