ព័ត៌មានអន្តរជាតិ

វៀតណាម ប្រើប្រាស់ប៉ូលិស ប្រដាប់ដោយអាវុធជាង ១០០នាក់ បង្ក្រាបក្រុមជួញដូរគ្រឿងញៀន នៅព្រំដែនវៀតណាម-កម្ពុជា

Photo by VnExpress/Ha Thuy

បរទេស៖ មន្ត្រីប៉ូលិសប្រដាប់អាវុធ របស់វៀតណាមជាង ១០០នាក់ បានរៀបចំការសម្របសម្រួល​​ ការបង្ក្រាបមួយកាលពីថ្ងៃសៅរ៍ ទៅលើក្រុមជួញដូរគ្រឿងញៀននៅក្នុងខេត្តតៃនិញ ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា ដោយរឹបអូសបានថ្នាំញៀនជិត ៦០ គីឡូក្រាម រួមជាមួយនឹងអាវុធ និងគ្រាប់រំសេវ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រតិបត្តិការនេះឈានដល់ការចាប់ខ្លួនឈ្មោះ Dang Thanh Tuan អាយុ ៤៤ ឆ្នាំ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាមេក្រុមជួញដូរនេះដោយចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។ ឈ្មោះ Pham Van Tien អាយុ ៣៦ឆ្នាំ រួមនឹងបក្ខពួក៥នាក់ផ្សេងទៀត ក៏ត្រូវបានឃាត់ខ្លួនផងដែរ។

កន្លងមក ប៉ូលិសបានរកឃើញផ្លូវជួញដូរគ្រឿងញៀនដ៏ធំមួយដែលមានប្រភពពីកម្ពុជាទៅវៀតណាម។ ជាការឆ្លើយតប ពួកគេបានសហការជាមួយនាយកដ្ឋាននគរបាលស៊ើបអង្កេត នៃក្រសួងសន្តិសុខសាធារណៈ លើបទល្មើសគ្រឿងញៀន ដើម្បីបង្កើតអង្គភាពជំនាញ ដែលមានភារកិច្ចរុះរើបណ្តាញនេះ។

ក្រោយការតាមដាន មន្ត្រីប៉ូលិសបានចែកចេញជា៥ក្រុម បានឡោមព័ទ្ធនិងឆ្មក់ចូលទីតាំងមួយនៅផ្លូវលេខ៩ ក្នុងសង្កាត់ Hiep Long នៃក្រុង Hoa Thanh របស់ Tay Ninh ។ ពួកគេបានចាប់ខ្លួន ឈ្មោះ Tuan និង Tien ខណៈពួកគេត្រូវបានចាប់បានផ្ទុកសារធាតុញៀនពីក្នុងរថយន្តមួយគ្រឿង។

ការរឹបអូសបានរួមមាន អាវុធយុទ្ធភ័ណ្ឌ ដែលមានគ្រាប់ ១១គ្រាប់ និងរថយន្ត២គ្រឿង ។ អាជ្ញាធរបានបន្តប្រតិបត្តិការនៅទីតាំងមួយចំនួនផ្សេងទៀតបន្ទាប់ពីការឆ្មក់ចូលរហូតឈានដល់ការចាប់ខ្លួនបក្ខពួកទាំង៥នាក់។

ការស៊ើបអង្កេតបានបង្ហាញថា កាលពីខែកក្កដា ឈ្មោះ Tuan និង Tien បានភ្ជាប់ទំនាក់ទំនងជាមួយជនមិនស្គាល់មុខនៅកម្ពុជា តាមរយៈតេឡេក្រាម ដែលបានធ្វើកិច្ចសន្យាឱ្យពួកគេដឹកជញ្ជូនគ្រឿងញៀនពីព្រំដែនកម្ពុជា-វៀតណាម ទៅកាន់ទីតាំងផ្សេងៗក្នុងប្រទេសវៀតណាម ដោយបង់លុយ ៨០០ ដុល្លារក្នុងមួយគីឡូក្រាមសម្រាប់ការដឹកជញ្ជូនពី ២០ ទៅ ៤០ គីឡូក្រាម៕
ប្រែសម្រួលៈ ណៃ តុលា

To Top