អង់ការ៉ា ៖ តួកកី បានបដិសេធ មិនអោយយន្តហោះ របស់ប្រធានាធិបតីអ៊ីស្រាអែល អ៊ីសាក់ ហឺហ្សូក ចូលទៅកាន់ដែនអាកាសតួកគីនោះទេ នៅពេលធ្វើដំណើរទៅកាន់ប្រទេស អាស៊ែបៃហ្សង់ នេះបើយោងតាមទីភ្នាក់ងារ ពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍កាលពីថ្ងៃអាទិត្យ។
រដ្ឋាភិបាលអ៊ីស្រាអែល បានស្នើសុំការអនុញ្ញាតឱ្យយន្តហោះរបស់លោក ហឺហ្សូក ប្រើប្រាស់ដែនអាកាសតួកគី ពេលកំពុងធ្វើដំណើរទៅកាន់សម័យប្រជុំលើកទី២៩ នៃសន្និសីទភាគី (COP29) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងបាគូ ដែលបានចាប់ផ្តើមនៅថ្ងៃទី១១ ខែវិច្ឆិកា ប៉ុន្ដែអាជ្ញាធរតួកគីបានច្រានចោលសំណើនេះ នេះបើតាមសារព័ត៌មាន Anadolu រាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអនាមិកតួកគី ។
កាសែត Times of Israel បានរាយការណ៍ថាលោក ហឺហ្សូក បានលុបចោលដំណើរទស្សនកិច្ចរបស់លោកទៅកាន់អាស៊ែបៃហ្សង់ កាលពីថ្ងៃសៅរ៍ដោយសារតែ “ការពិចារណាអំពីសុវត្ថិភាព” នេបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងតួកគី និងអ៊ីស្រាអែលមានភាពតានតឹងតាំងពីឆ្នាំ២០១០ ភាគច្រើនលើបញ្ហាប៉ាឡេស្ទីន ហើយវាបានចំណាយពេលជាងមួយទសវត្សរ៍ សម្រាប់ប្រទេសទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ។
ខណៈពេលដែលអន្តរកម្មនយោបាយ បានចាប់ផ្តើមប្រសើរឡើងមុនពេលជម្លោះហ្គាហ្សា វិបត្តិដែលកំពុងបន្តបានធ្វើឱ្យភាពតានតឹងឡើងវិញ ដោយភាគីទាំងពីរមានការចោទប្រកាន់ពីការជួញដូរ ហើយក្នុងនោះរដ្ឋាភិបាលតួកគី ក៏បានផ្អាកពាណិជ្ជកម្មទាំងអស់ ជាមួយអ៊ីស្រាអែល ចំពេលមានអរិភាព៕
ប្រែសម្រួល ឈូក បូរ៉ា