ព័ត៌មានអន្តរជាតិ

ប្រធានប្រព័ន្ធ ផ្សព្វផ្សាយក្រុមហេសបូឡា លោក Mohammad Afif ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់ អ៊ីស្រាអែល លើទីក្រុងបេរ៉ូត

AFP

បេរ៉ូត ៖ ទូរទស្សន៍ក្នុងស្រុក al-Jadeed បានរាយការណ៍ថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល សំដៅទៅលើការិយាល័យរបស់គណបក្ស Ba’ath របស់ប្រទេសស៊ីរី នៅកណ្តាលទីក្រុងបេរ៉ូត កាលពីថ្ងៃអាទិត្យ បានសម្លាប់ប្រធានប្រព័ន្ធផ្សព្វផ្សាយក្រុមហេសបូឡាលោក Mohammad Afif និងមនុស្សបីនាក់ផ្សេងទៀត ។

យោងតាមទូរទស្សន៍ al-Jadeed យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារការិយាល័យ ដែលមានទីតាំងនៅចន្លោះតំបន់ Ras al-Nabaa និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Sodeco Square ជាមួយនឹងកាំជ្រួចពីលើអាកាសពីរគ្រាប់ បន្ទាប់ពីគណបក្ស Ba’ath បានទទួលការហៅទូរស័ព្ទពីកងទ័ពអ៊ីស្រាអែល សុំឱ្យខ្លួនផ្លាស់ប្ដូរអគារដែលរៀបចំ សម្រាប់ពិធីជប់លៀង។

ទូរទស្សន៍ al-Jadeed បានរាយការណ៍ថា ផ្នែកភាគច្រើន នៃអគារគោលដៅត្រូវបានបំផ្លាញក្នុងអំឡុងពេលការវាយប្រហារតាមអាកាស ហើយរថយន្តសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ ដើម្បីយកកម្ទេចថ្ម និងស្វែងរកជនរងគ្រោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមអាកាសរបស់ខ្លួនលើប្រទេសលីបង់ក្នុងជម្លោះកាន់តែខ្លាំងជាមួយក្រុមហេសបូឡា។ នៅដើមខែតុលា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ ជើងគោកឆ្លងកាត់ព្រំដែនភាគខាងជើង របស់ខ្លួនចូលទៅក្នុងប្រទេសលីបង់។

យោងតាមក្រសួងសុខាភិបាលលីបង់ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើប្រទេសលីបង់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៣,៤៥២ នាក់ និងរបួសរហូតដល់ ១៤,៦៦៤ នាក់ ៕

To Top