បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ដែលជាអ្នកជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានថ្លឹងថ្លែងលើការសម្រេចចិត្តជាក់ស្តែងរបស់ប្រធានាធិបតី Joe Biden ក្នុងការដាក់ទណ្ឌកម្មជាផ្លូវការលើការប្រើប្រាស់មីស៊ីលអាមេរិកលើគោលដៅជ្រៅក្នុងទឹកដីរុស្ស៊ី ដោយយល់ស្របនឹងការបង្ហោះដែលសរសេរថា “libs love war ឬ ចូលចិត្តសង្គ្រាម។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅសល់ពេលតែពីរខែទៀតនៅក្នុងតំណែង លោក Biden តាមសេចក្តីរាយការណ៍បានឆ្លើយតបទៅនឹងការទាមទារដ៏យូរមួយរបស់អ៊ុយក្រែនកាលពីរសៀលថ្ងៃអាទិត្យ ដោយអនុញ្ញាតឱ្យទីក្រុងគៀវអាចប្រើប្រាស់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រយោធាដែលផ្តល់ដោយអាមេរិក (ATACMS) ក្នុងការវាយប្រហារលើតំបន់ Kursk របស់រុស្ស៊ី។ ការសម្រេចចិត្តនេះត្រូវបានរាយការណ៍ក្នុងពេលដំណាលគ្នាដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា អ៊ុយក្រែនគ្រោងនឹងធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីរនាក់ និងប្រភពដែលដឹងពីការសម្រេចចិត្តនេះ។
ការសម្រេចចិត្តរបស់លោក Biden បង្ហាញពីការកើនឡើងយ៉ាងខ្លាំង ឬបង្កើនភាពតានតឹងក្នុងជម្លោះ។ ខណៈពេលដែលអ៊ុយក្រែនមានកាំជ្រួច ATACMS តាំងពីខែមេសាមក ប្រធានាធិបតីអាមេរិកនៅពេលនោះមិនបានផ្តល់ការអនុញ្ញាតឱ្យ Kiev ប្រើប្រាស់នៅលើទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះទេ។ រហូតមកដល់បច្ចុប្បន្ន មីស៊ីលទាំងនោះត្រូវបានប្រើក្នុងការវាយប្រហារទៅលើតំបន់ Crimea, Donetsk និង Lugansk របស់រុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាអ៊ុយក្រែន។
ឆ្លើយតបទៅនឹងព័ត៌មាននៅលើ X សមាជិកព្រឹទ្ធសភារដ្ឋ Utah លោក Mike Lee មកពីគណបក្សសាធារណរដ្ឋបានប្រកាសថា “ចូលចិត្តសង្គ្រាម [សេរីនិយម]” ដោយបន្ថែមថា “សង្រ្គាមជួយសម្រួលដល់រដ្ឋាភិបាលធំជាង” ។ ក្រោយមក លោក Musk ឆ្លើយថា “ពិត”៕
ប្រែសម្រួលៈ ណៃ តុលា