បរទេស៖ មន្ត្រីជាន់ខ្ពស់ នៅទីក្រុងតេអេរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកជំពាក់អ៊ីរ៉ង់ ចំនួនមួយពាន់ពាន់ លានដុល្លារ ចំពោះទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទស្សវត្ស ខណៈពេលដែលចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា គាំទ្រអំពើភេរវកម្ម។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសុន្ទរកថា មួយ កាលពីថ្ងៃសៅរ៍ លោក Ali Shamkhani ដែលបម្រើការជាលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានចោទលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលលោកបានហៅថា “រណសិរ្សដ៏ក្រអឺតក្រទម” ពីការព្យាយាម “ប្រើល្បិចផ្សេងៗតាមទម្រង់របស់ពួកគេផ្ទាល់ ដូចជា សង្គ្រាមកូនកាត់” ដើម្បីបំផ្លាញប្រទេសអីរ៉ង់។
មន្ត្រីរូបនេះបានអះអាងថា “អាមេរិកខ្លួនឯងសារភាពដោយបើកចំហថាពួកគេបានបង្កើត [ក្រុមភេរវករ] ISIS និងអាល់កៃដា” ក្នុងគោលបំណងបង្កើតការប្រេះឆារវាងអ៊ីរ៉ង់ និងប្រទេសជិតខាង ក៏ដូចជាដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន និងសត្រូវដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់ គឺអ៊ីស្រាអែល។
លោក Shamkhani បានបន្តបរិហារទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានណែនាំ ជាលើកដំបូងបន្ទាប់ពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ។ លោកបាននិយាយថា “អាមេរិកគួរតែសង ការខូចខាត មួយពាន់ពាន់លានដុល្លារដល់ប្រទេសអ៊ីរ៉ង់ ពីព្រោះពួកគេបានកាន់កាប់ ប្រទេសរបស់យើងអស់រយៈពេល ២៥ ឆ្នាំ” ។
សូមជម្រាបថា អស់ជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីបដិវត្តន៍ឥស្លាម សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាច្រើនលើកមកលើប្រទេសអ៊ីរ៉ង់ ខណៈពេលដែលចាត់តាំងប្រទេសនេះថាជា “អ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម”។ កិច្ចសហប្រតិបត្តិការ គួរឱ្យកត់សម្គាល់ តែមួយគត់ រវាងប្រទេសនានា បានកើតឡើងនៅក្នុងឆ្នាំ ២០១៥ នៅពេលដែល ទីក្រុងតេអេរ៉ង់ បានយល់ព្រមក្នុងការទប់ស្កាត់កម្មវិធី នុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការ បន្ធូរបន្ថយទណ្ឌកម្មមួយផ្នែក។ ទោះជាយ៉ាងណា ក៏ដោយ នៅឆ្នាំ ២០១៨ រដ្ឋបាលរបស់លោក Donald Trump បានដកខ្លួនជាឯកតោ ភាគីចេញពីកិច្ច ព្រមព្រៀង ដោយដាក់ទណ្ឌកម្មឡើងវិញ ដែលផ្តោតលើឧស្សាហកម្មប្រេង និងហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ ៕
ប្រែសម្រួលៈ ណៃ តុលា