បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមហាម៉ាស់កាលពីថ្ងៃច័ន្ទ បានបដិសេធរបាយការណ៍ដែលថា មេដឹកនាំរបស់ខ្លួនមួយចំនួន បានផ្លាស់ប្តូរពីប្រទេសកាតា ធ្វើដំណើរទៅ កាន់ប្រទេសតួគី។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ប្រភពពីក្រុមហាម៉ាស់បាននិយាយថា ការអះអាងដែលផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ីស្រាអែល គឺជា ពាក្យចចាមអារ៉ាមសុទ្ធសាធ ដែលអ៊ីស្រាអែលព្យាយាម ផ្សព្វផ្សាយតាមកាលកំណត់របស់ពួកគេប៉ុណ្ណោះ។
កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ីស្រាអែល បានរាយការណ៍ថា មេដឹកនាំក្រុមហាម៉ាស់ជាច្រើន ដែលមានមូលដ្ឋាន នៅបរទេសថ្មីៗនេះ បានផ្លាស់ប្តូរពីប្រទេសកាតាទៅកាន់ ទីក្រុងរបស់ប្រទេសតួគី ហើយហៅវាថា ការផ្លាស់ប្តូរដែលអាចប៉ះពាល់ដល់ដំណើរ នៃការចរចាស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។
ជាការឆ្លើយតបផងដែរ នៅព្រឹកថ្ងៃចន្ទម្សិលមិញ ដដែលនេះ ក្រសួងការបរទេស របស់ប្រទេសតួគីបានបដិសេធ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ដោយនិយាយថាការអះអាងដែលថា ការិយាល័យនយោបាយ របស់ពួកហាម៉ាស បានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសតួគី ហើយហៅការផ្សព្វផ្សាយនេះថាមិនឆ្លុះបញ្ចាំងពីការពិតទេ៕
ប្រែសម្រួល៖ស៊ុនលី