ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអឺរ៉ុប ជួបពិភាក្សាគ្នាអំពីវិបត្ដិអ៊ុយក្រែន និងគ្មានជំហររួមលើការ ដកការរឹតបន្តឹងអាវុធនោះទេ

AFP

ប្រ៊ុចសែលៈ រដ្ឋមន្ត្រីការបរទេស នៃសហភាពអឺរ៉ុប បានប្រមូលផ្តុំគ្នា នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សា ជាចម្បងលើបញ្ហា អ៊ុយក្រែន រួមទាំងការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងការអនុញ្ញាតឱ្យទីក្រុងគៀវ ដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ របស់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី។

តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានបញ្ជាក់ថា អ៊ុយក្រែន បានទទួលការអនុញ្ញាតពីសហរដ្ឋអាមេរិក ដើម្បីវាយប្រហារជម្រៅរហូតដល់ ៣០០ គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកក៏បានឲ្យដឹងផងដែរថា រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប បានពិភាក្សាអំពីជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែន ប៉ុន្តែនៅលើការដកការរឹតបន្តឹងទាំងនេះ លោក Borrell បានកត់សម្គាល់ថា បណ្តាប្រទេសសហភាពអឺរ៉ុប មិនបានអភិវឌ្ឍជំហររួមនោះទេ។

លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថា៖ «ថ្ងៃនេះ ជាពិសេសមិនមានជំហរលើរឿងនេះទេ។ ប្រទេសនីមួយៗ ធ្វើការសម្រេចចិត្តដោយខ្លួនឯង»។ ជាមួយគ្នានេះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃច័ន្ទបានរំលឹកឡើងវិញ នូវការសម្រេចចិត្តរបស់លោក ដែលមិនផ្តល់ឱ្យអ៊ុយក្រែន មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus នោះទេ។

លើសពីនេះ រដ្ឋមន្ត្រីការបរទេស ហុងគ្រី លោក Peter Szijjarto បានពណ៌នា ការយល់ព្រម របស់សេតវិមានសម្រាប់ អ៊ុយក្រែន ក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែ លផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកថា ជាជំហាន “គ្រោះថ្នាក់ខ្លាំង” ដែលអាចបង្កើនជម្លោះឲ្យកាន់តែខ្លាំងបន្ថែមទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍៕

To Top