ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ផែតងតាន ស៊ីណាវ៉ាត្រា ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Donald Trump, ភាគីទាំងពីរសន្យា នឹងគាំទ្រដល់រដ្ឋបាលគ្នាទៅវិញទៅមក

Bangkok Post

បរទេស៖ ការិយាល័យរបស់នាយករដ្ឋមន្រ្តីថៃ បាននិយាយនៅថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ហើយក្នុងអំឡុងពេលសន្ទនានោះ ភាគីទាំងពីរបានសន្យាថា នឹងគាំទ្រដល់រដ្ឋបាលរបស់គ្នាទៅវិញទៅមកផងដែរ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលចូលកាន់តំណែងកាលពីខែកញ្ញា និងជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃ បានរំលឹកឡើងវិញនូវការត្រៀមខ្លួន របស់ប្រទេសលោកស្រី ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបាននិយាយថា លោក Trump បានសរសើរការងាររបស់លោកស្រីថែមទៀត។

លោក Trump បាននិយាយថា “អ្វីក៏ដោយដែលខ្ញុំអាចធ្វើបាន គឺអ្នកអាចប្រាប់ខ្ញុំឱ្យដឹងបាន” នេះបើយោងតាមវីដេអូនៃការសន្ទនាដែលអមជាមួយសេចក្តីថ្លែងការណ៍។ លោក Trump បាននិយាយថា ប្រទេសថៃគឺជា “ប្រទេសដែលស្រស់ស្អាតទាំងស្រុង”។

ប្រទេសថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់ជាងគេបំផុតរបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ី និងជាកន្លែងដែលមានវត្តមានការទូតដ៏ធំបំផុតមួយនៅក្នុងតំបន់។ ប្រទេសទាំងពីរធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ និងចូលរួមក្នុងការផ្លាស់ប្តូរជាច្រើន រួមទាំងក្នុងការអនុវត្តច្បាប់ផងដែរ។

ប្រទេសថៃ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដែលមានរោងចក្រផលិតរថយន្ត និងអេឡិចត្រូនិច ដូចជាប្រទេសវៀតណាម ទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយរបស់លោក Trump ដែលមានសក្តានុពលក្នុងការដំឡើងពន្ធ លើការនាំចូលរបស់ចិន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថៃ Pichai Naripthaphan បាននិយាយថា ប្រទេសថៃគួរតែស្វែងរកការនាំចេញ កាន់តែច្រើនទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំនួសផលិតផលរបស់ចិន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top