ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី ច្រានចោលការ ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ របស់អ៊ុយក្រែន នៅក្នុងប្រទេសរុស្ស៊ី

AFP

បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន នៃសាធារណរដ្ឋស្លូវ៉ាគី (TASR) បានរាយការណ៍ថា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានសម្តែងការប្រឆាំង ចំពោះការប្រើប្រាស់កាំជ្រួច រយៈចម្ងាយឆ្ងាយ របស់អ៊ុយក្រែន របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារនៅ ក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ឲ្យដឹងថា នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់ នៃគោលនយោបាយ របស់រដ្ឋបាល របស់លោក ស្តីពីវិបត្តិអ៊ុយក្រែន ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានអនុញ្ញាតឱ្យទីក្រុងគៀវ ប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅ នៅក្នុងប្រទេសរុស្ស៊ី។

តាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក រួមមាន The Associated Press, The New York Times និង The Washington Post បានរាយការណ៍ ដោយដកស្រង់ សម្តីមន្ត្រីអាមេរិក អនាមិកពីរនាក់ ដែលបានឲ្យដឹងថា ការបើកភ្លើងខៀវ នឹងអនុញ្ញាត ឱ្យមានការប្រើប្រាស់ មីស៊ីល ATACMS ផលិតដោយលោកខាងលិច ជាលើកដំបូងរបស់កងទ័ពអ៊ុយក្រែន ។

TASR បានរាយការណ៍ថា លោក Fico បានណែនាំរដ្ឋមន្ត្រី ការបរទេស របស់ប្រទេសលោក Juraj Blanar និងរដ្ឋមន្ត្រីការពារជាតិ លោក Robert Kalinak មិនឱ្យគាំទ្រការផ្លាស់ប្តូរនេះទេ ។ ការិយាល័យរដ្ឋាភិបាល បានដកស្រង់ សម្តីរបស់លោក Fico ដែលបានឲ្យដឹងថា “នេះគឺជាការកើនឡើង នៃភាពតានតឹង ដែលមិនធ្លាប់ មានពីមុនមក” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top