ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន សម្ដែងក្ដីសង្ឃឹមថា នឹងធ្វើការជាមួយលោក ត្រាំ មិនមែនប្រឈមមុខ នឹងលោកនោះទេ

kyodo

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា លោក នឹងបន្តកិច្ចសហប្រតិបត្តិការ មិនមែនជាការប្រឈមមុខដាក់គ្នា ជាមួយប្រធានាធិបតី ជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ដែលជាកិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក ដើម្បីធ្វើឱ្យសម្ព័ន្ធភាពទ្វេភាគីកាន់តែស៊ីជម្រៅ គួរតែផ្តល់ផលប្រយោជន៍ មិនត្រឹមតែប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាន់តែទូលំទូលាយផងដែរ ។

ការលើកឡើងរបស់លោក Ishiba បានធ្វើឡើងខណៈដែលលោកបានបញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិកខាងត្បូងទៅប្រទេសប៉េរូ និងប្រេស៊ីល។ មេដឹកនាំជប៉ុនរូបនេះសង្ឃឹមថា នឹងធ្វើដំណើរពីទីនោះទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំជាមួយលោក ត្រាំ ដែលនឹងក្លាយជាលើកដំបូងជាមួយគណបក្ស សាធារណរដ្ឋចាប់តាំងពីលោក បានឈ្នះការបោះឆ្នោត ប្រធានាធិបតីនៅដើមខែវិច្ឆិកា ។

ទោះបីជាកិច្ចប្រជុំមិនអាច ត្រូវបានរៀបចំឡើង ខណៈដែលភាគីលោក ត្រាំបានលើកឡើង ពីឧបសគ្គផ្លូវច្បាប់ក្នុងស្រុក ដែលមិនអនុញ្ញាតឱ្យលោក ជួបជាមួយមេដឹកនាំបរទេស មុនពេលក្លាយជាប្រធានាធិបតីក៏ដោយ លោក Ishiba បានឲ្យដឹងថា លោកនឹងស្វែងរកឱកាសមួយផ្សេងទៀត ក្នុងពេលឆាប់ៗនេះ។

លោក Ishiba បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រសិនបើខ្ញុំត្រូវពណ៌នាអំពីវិធីសាស្រ្តរបស់ខ្ញុំទៅកាន់ប្រធានាធិបតីបន្ទាប់របស់អាមេរិកលោក ដូណាល់ ត្រាំ នោះ ខ្ញុំមិនគិតថាវានឹងជាការប្រឈមមុខគ្នានោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកបានលើកឡើងថា “ខ្ញុំនឹងពន្យល់លម្អិតថា កិច្ចសហប្រតិបត្តិការជប៉ុន-អាមេរិក នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសជប៉ុន ឬសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយនឹងធានាបាននូវការយល់ដឹងរបស់គាត់” ដោយបន្ថែមថា ជប៉ុននឹងបន្តទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋបាលអាមេរិកបន្ទាប់។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក ទៅកាន់ប្រទេសប៉េរូ សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងទៅកាន់ប្រទេសប្រេស៊ីល សម្រាប់កិច្ចប្រជុំកំពូល នៃក្រុមមេដឹកនាំទាំង២០ លោកបានអង្គុយជាមួយមេដឹកនាំពិភពលោកជាច្រើនរួមទាំងប្រធានាធិបតី ដែលកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិកលោក ចូ បៃដិន ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top