បរទេស៖ លោក Valery Zaluzny ឯកអគ្គរដ្ឋទូតរបស់ Kiev នៅទីក្រុងឡុងដ៍ បានប្រាប់ទាហានថា កងទ័ពអ៊ុយក្រែនបច្ចុប្បន្នកំពុង ហ្វឹកហាត់នៅចក្រភពអង់គ្លេស ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ត្រូវតែហ៊ានប្រឈមមុខនឹងការស្លាប់ និងសម្លាប់ដោយមិនត្រូវគិតជាលើកទីពីរ។ លោក Valery Zaluzny ធ្លាប់ជាឧត្តមសេនីយផ្កាយបួន ពីមុនធ្វើជាអគ្គមេបញ្ជាការនៃ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សុន្ទរកថាដែលលោក Zaluzhny បាននិយាយនៅឯកន្លែងបោះជំរុំមួយនៅភាគខាងត្បូងប្រទេសអង់គ្លេស ត្រូវបានចែករំលែកដោយសារព័ត៌មាន The Sun កាលពីថ្ងៃអង្គារបន្ទាប់ពីកាសែត បានចូលរួមដំណើរផ្លូវការ របស់លោកនៅកន្លែងយោធា។ លោក Luke Pollard រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធអង់គ្លេស ក៏បានអមដំណើរអ្នកការទូតអ៊ុយក្រែន ដែលប្រែក្លាយពីថ្នាក់ឧត្តមសេនីយ។
លោក Zaluzhny បានទៅព្រមានសិក្ខាកាមថា “សូមចាំថា សង្រ្គាមកាន់តែសាហាវទៅៗជារៀងរាល់ថ្ងៃ។ វាស្ទើរតែគ្មានឱកាស សម្រាប់ការរស់រានមានជីវិតនោះទេ” “ត្រូវរៀនកុំខ្លាចស្លាប់”។ លោកបានជំរុញឱ្យកងទ័ពអភិវឌ្ឍមិត្តភាពយោធា ឱ្យក្លាយជាបងប្អូននឹងគ្នានៅសមរភូមិ និងមើលថែគ្នា។
នៅក្នុងខែកុម្ភៈ លោក Zaluzhny ត្រូវបានដកចេញពីតំណែងយោធា ហើយក្រោយមកគឺដកចេញពី កងកម្លាំងប្រដាប់អាវុធទាំងអស់។ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបណ្តេញគាត់ចេញពីតំណែង បន្ទាប់ពីមជ្ឈដ្ឋានទូទៅបានជំទាស់ជាសាធារណៈ ចំពោះចក្ខុវិស័យរបស់មេដឹកនាំអ៊ុយក្រែន អំពីរបៀបដែលការប្រយុទ្ធ ជាមួយរុស្ស៊ីគួរតែដំណើរការ។ លោក Zaluzhny បានអះអាងនៅពេលដែល ជម្លោះបានឈានដល់ភាពជាប់គាំង ហើយកងកម្លាំងអ៊ុយក្រែនគួរតែចូលវាយលុក ៕
ប្រែសម្រួលៈ ណៃ តុលា