ព័ត៌មានអន្តរជាតិ

មនុស្ស ៧០នាក់ រាគផង ក្អួតផង នៅលើនាវាទេសចរណ៍ ក្នុងដំណើរកម្សាន្តរយៈពេលមួយខែ ពីសិង្ហបុរីទៅទីក្រុង Los Angeles

The Sun

បរទេស៖ មនុស្សចំនួន ៧០នាក់ នៅលើនាវាទេសចរណ៍ដំណើរកំសាន្ត រយៈពេលមួយខែ ដែលបានធ្វើដំណើរ ពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុង Los Angeles បានបង្ហាញរោគសញ្ញាក្រពះពោះវៀន ដូចជា រាគ និងក្អួត ដោយសារតែការផ្ទុះឡើងនៃមេរោគ norovirus ឬ រាគ និងក្អួត។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ការផ្ទុះឡើងនៃមេរោគ norovirus ឬ រាគ និងក្អួតនេះ ត្រូវបានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី ៩ ខែវិច្ឆិកា។ មនុស្សចំនួន ៧០ នាក់ក្នុងចំណោមអ្នកដំណើរ និងសមាជិកនាវិកចំនួន ២.៧២៩ នាក់នៅលើនាវា Coral Princess ដែលបានចាកចេញពីប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១៧ ខែតុលា បានរាយការណ៍ពីរោគសញ្ញានេះ។ នេះបើតាមកាសែត The Straits Times បានរាយការណ៍។

CDC បាននិយាយថា Norovirus អាចឆ្លងតាមរយៈអាហារដែលមានមេរោគ។ រោគសញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល និងបញ្ហាក្រពះពោះវៀន។ មជ្ឈមណ្ឌលបន្ថែមថា ប្រភេទអាហារមួយចំនួន រួមទាំងសំបកខ្យង អាចមានកំហាប់ខ្ពស់នៃមេរោគ norovirus ។

ចំណែក កាសែត Daily Mail បានរាយការណ៍ថា នាវាទេសចរណ៍ Coral Princess បានឈប់នៅប្រទេសថៃ វៀតណាម ចិន និងជប៉ុន បន្ទាប់ពីចាកចេញពីសិង្ហបុរី។ វាបានមកដល់ទីក្រុង Los Angeles នៅថ្ងៃទី ១៧ ខែវិច្ឆិកា ដើម្បីបញ្ជូនអ្នករងគ្រោះត្រឡប់ទៅដីវិញ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Miami នៅថ្ងៃដដែល។

CDC បានឱ្យដឹងទៀតថា នាវា Princess Cruises ដែលជានាវាទេសចរណ៍របស់ Coral Princess បាននិយាយថា ខ្លួនបានសម្អាត និងសម្លាប់មេរោគលើនាវា ដែលជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃមេរោគ norovirus ៕

ប្រែសម្រួលៈ ណៃ តុលា

To Top