ព័ត៌មានអន្តរជាតិ

ព្យុះព្រិលយ៉ាងក្រាស់ ធ្លាក់ចុះមកលើតំបន់ប៉ែកខាងលិច នៃប្រទេសបារំាង បង្កឲ្យដាច់ចរន្តអគ្គិសនី និងរំខានដល់ការធ្វើចរាចរណ៍

Xinhua

ប៉ារីស៖ លោកស្រី Agnes Pannier-Runacher រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសបារាំង បានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា  ពលរដ្ឋប្រមាណ ១៧០.០០០គ្រួសារ រស់នៅភាគខាងលិចនៃប្រទេសបារាំង គ្មានអគ្គិសនីប្រើប្រាស់ ដោយសារការធ្លាក់ព្រិលយ៉ាងខ្លាំង ដែលបង្កឡើយងដោយព្យុះ Caetano ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Pannier-Runacher បានបញ្ជាក់ប្រាប់ថា កម្មករជាង១.៤០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួសជុល បណ្តាញអគ្គិសនីដែលខូចខាត ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនគ្រួសារដែលរងផលប៉ះពាល់ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ស្របពេលព្យុះដែលកំពុងបន្តកើតមានឡើង ដែលបានបោកបក់មកលើតំបន់ ភាគខាងលិចនៃប្រទេសបារាំង ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ។

លោកស្រីរដ្ឋមន្ត្រីក្រសួងខាងលើបានព្រមានថា ការធ្លាក់ព្រិលនឹងបន្តធ្លាក់ចុះ ដល់យប់ថ្ងៃព្រហស្បតិ៍ ដោយសីតុណ្ហភាពរំពឹងថា នឹងធ្លាក់ចុះក្រោមត្រជាក់ ។ លោកស្រី បានជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសទាក់ទងនឹងការកើនឡើង ហានិភ័យនៃទឹកកកខ្មៅ ។

ព្យុះនេះក៏បានបង្កការរំខានយ៉ាងខ្លាំងផងដែរ ហើយអាជ្ញាធរអាកាសចរណ៍ស៊ីវិល បារាំងបានរាយការណ៍ថា មានការពន្យារពេលច្រើននៅឯអាកាសយានដ្ឋាន Charles de Gaulle នៃទីក្រុងប៉ារីស ហើយបានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ ឱ្យលុបចោលជើងហោះហើរចំនួន ១០ភាគរយ ពីមជ្ឈមណ្ឌលអាកាសដ៏ធំបំផុត របស់ប្រទេសនេះដោយសារតែ អាកាសធាតុអាក្រក់ ។

ក្រុមហ៊ុនផ្លូវដែកជាតិបារាំង ហៅកាត់ថា SNCF ក៏បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សេវារថភ្លើងល្បឿនលឿននៅតំបន់ភាគខាងលិច និងភាគនិរតីនៃប្រទេសបារាំង ត្រូវបានផ្អាក ឬមានកំណត់សម្រាប់ហេតុផលសុវត្ថិភាព ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top