ព័ត៌មានអន្តរជាតិ

អតីតមន្រ្តីគណៈកម្មការរៀបចំ ការបោះឆ្នោតរបស់ថៃថា គម្រោងផ្តល់លុយ ២៨៩ដុល្លារ ដល់ប្រជាជន ដំណាក់កាលទី២ អាចខុសច្បាប់

AFP

បរទេស៖ អតីតមន្រ្តីគណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃ បានចង្អុលបង្ហាញថា ដំណាក់កាលទីពីរនៃគម្រោងផ្តល់លុយ ១០.០០០ បាត ឬស្មើនឹង ២៨៩ដុល្លារ គឺ ប្រឈមនឹងការបំពានច្បាប់ ដោយសាររដ្ឋាភិបាលគ្រោងនឹង ចែកប្រាក់ដល់ជនចាស់ជរាថៃចំនួន ៤ លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលស្ថិតនៅប៉ុន្មានថ្ងៃមុនការ បោះឆ្នោតប្រធានអង្គការរដ្ឋបាលខេត្ត (PAOs)។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Somchai Srisutthiyakorn បានបង្ហោះនៅលើគណនី Facebook របស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលកំពុងព្យាយាមអះអាងថា មនុស្សទាំងអស់ដែលមានអាយុ ៦០ ឆ្នាំគួរតែត្រូវបានចាត់ទុកថា ជាជនងាយរងគ្រោះព្រោះពួកគេគ្មានប្រាក់ចំណូល ហើយត្រូវការការថែទាំ។

លោកបាននិយាយថា រដ្ឋាភិបាលកំពុងប្រើប្រាស់ ការទាមទារទូទៅនេះជាលេស ដើម្បីចែកលុយដោយមិនប្រថុយនឹងការចោទប្រកាន់ថា បានប្រើប្រាស់ថវិកា ៤០ ពាន់លានបាតដើម្បីបំផុសគំនិតសាធារណៈ នៅមុនការបោះឆ្នោតក្នុងស្រុក។

ការចែកលុយនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១ ខែកុម្ភៈ។

លោក Somchai បាននិយាយទៀតថា លោកប្រាកដណាស់ថា នរណាម្នាក់នឹងដាក់ញត្តិចោទប្រកាន់ រដ្ឋាភិបាលពីបទរំលោភលើផ្នែកទី 9 នៃច្បាប់ស្តីពីវិន័យសារពើពន្ធ និងហិរញ្ញវត្ថុរបស់រដ្ឋ ឆ្នាំ 2561 (2018) ជាពិសេសកថាខណ្ឌដែលចែងថា “ទីស្តីការគណៈរដ្ឋមន្ត្រី មិនត្រូវអនុវត្តការគ្រប់គ្រងកិច្ចការរដ្ឋ ក្នុងលក្ខណៈផ្តោតលើការបង្កើត ប្រជាប្រិយភាពនយោបាយ ដែលទំនងជាធ្វើឱ្យខូចប្រព័ន្ធសេដ្ឋកិច្ចជាតិ និងសាធារណៈជនក្នុងរយៈពេលយូរនោះទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top