ព័ត៌មានអន្តរជាតិ

រដ្ឋសមាជិកអឺរ៉ុបជាច្រើន ប្តេជ្ញាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល តាមដីកាតុលាការ ICC

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋលោកខាងលិចជាច្រើនបានសន្យាថា នឹងអនុវត្តដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC កាលពីពេលថ្មីៗនេះ។

តុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេកាលពីថ្ងៃព្រហស្បតិ៍ បានចេញដីកាចាប់ខ្លួនលោក Netanyahu រួមជាមួយអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant និងមេបញ្ជាការក្រុម Hamas លោក Ibrahim al-Masri ផងដែរ។

ទីក្រុងយេរូសាឡឹម​បាន​អះអាង​ថា al-Masri បាន​បាត់បង់ជីវិតទៅ​ហើយហើយ ដីកា​នេះ​គឺ​សម្រាប់​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ហ្គាហ្សាប៉ុណ្ណោះ។

ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ នៅ​លោក​ខាង​លិចដោយប្រទេសជាច្រើន បានសង្កត់ធ្ងន់លើការគោរពរបស់ពួកគេ ចំពោះឯករាជ្យភាពរបស់តុលាការ ខណៈដែលប្រទេសផ្សេងទៀត បានសម្តែងការគាំទ្រដល់អ៊ីស្រាអែល។

គួរឲ្យដឹងដែរថាប្រទេសហូឡង់ ស្វីស អៀរឡង់ អ៊ីតាលី ស៊ុយអែត បែលហ្ស៊ិក និងន័រវេស សុទ្ធតែបានអះអាងថា ពួកគេនឹងបំពេញតាមការសន្យា និងកាតព្វកិច្ចរបស់ពួកគេក្រោមលក្ខន្តិកៈទីក្រុងរ៉ូម និងច្បាប់អន្តរជាតិ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី Guido Crosetto បានសង្កត់ធ្ងន់ថា ICC គឺ បានសម្រេចចិត្តខុសក្នុងការដាក់លោក Netanyahu និង Gallant នៅកម្រិតដូចគ្នាជាមួយក្រុម Hamas ។

ខណៈពេលជាមួយគ្នានេះប្រទេសអូទ្រីស ក៏បាននិយាយផងដែរថា ខ្លួននឹងគោរពតាមការសម្រេចចិត្តនេះ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺលោក Alexander Schallenberg បានបន្ថែមថា ដីកានេះគឺ មិនអាចទទួលយកបានទាំងស្រុងនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top