តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោស “អន្តរាគមន៍ខុសច្បាប់” របស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការផ្ទៃក្នុង របស់វេណេស៊ុយអេឡា។
លោកបានធ្វើការកត់សម្គាល់នៅ ក្នុងការបង្ហោះនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលប្រតិកម្មទៅនឹង ការបង្ហោះកាលពីដើមសប្តាហ៍នេះដោយរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ដែលបានថា រដ្ឋាភិបាលរបស់លោកបានទទួល ស្គាល់បេក្ខជនបក្សប្រឆាំង វេណេស៊ុយអេឡាលោក Edmundo Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត របស់ប្រទេស អាមេរិកខាងត្បូងមួយ។
លោកបានលើកឡើង “យើងថ្កោលទោស ការធ្វើអន្តរាគមន៍ខុសច្បាប់ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន ក្នុងកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា ដែលត្រូវបានរំឮកដល់ ការអន្តរាគមន៍ដ៏អាក្រក់ និងការបែកបាក់នៃឆ្នាំ២០១៩ តាមរយៈការទទួលស្គាល់រដ្ឋាភិបាល ស្របគ្នា (នៅក្នុងប្រទេស) និងបង្ហាញពីសាមគ្គី ភាពរបស់យើង ជាមួយប្រទេសវេណេស៊ុយអេឡា ជាពិសេសប្រធានាធិបតី ស្របច្បាប់ និងជាប់ឆ្នោតលោក នីកូឡា ម៉ាឌូរ៉ូ។
លោក Baghaei បានបន្ថែមថា អ៊ីរ៉ង់បានចាត់ទុកការធ្វើអន្តរាគមន៍ ពីបរទេសណាមួយ នៅក្នុងកិច្ចការផ្ទៃ ក្នុងរបស់វេណេស៊ុយអេឡាថា ផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាការបំផ្លិចបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៅក្នុង ប្រទេសអាមេរិកខាងត្បូង។
កាលពីថ្ងៃទី២៩ ខែកក្កដា លោក នីកូឡា ម៉ាឌូរ៉ូ ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោត ប្រធានាធិបតី របស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៥១,២ភាគរយនៅក្នុងការបោះឆ្នោត៕
ប្រែសម្រួល ឈូក បូរ៉ា