បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងមហាផ្ទៃ របស់ប្រទេសអាល្លឺម៉ង់បាននិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងរៀបចំបញ្ជី អគារសាធារណៈដើម្បីប្រើប្រាស់ ជាលេនដ្ឋានក្នុងករណីមានសង្គ្រាមដ៏ធំមួយជាមួយរុស្ស៊ីផ្ទុះឡើង។
អ្នកនាំពាក្យរូបនេះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ក្នុងចំណោមសំណង់ដែលកំពុងត្រូវបានពិចារណារួមមាន ស្ថានីយ៍រថភ្លើងក្រោមដី ចំណតរថយន្តក្រោមដី និងអគាររដ្ឋមួយចំនួនទៀត។
មន្ត្រីដដែលរូបនេះក៏បានបន្ថែមដែរថា ប្រជាពលរដ្ឋក៏នឹងត្រូវបានលើកទឹកចិត្តឱ្យផ្លាស់ប្តូរបន្ទប់ក្រោមដី និងយានដ្ឋានផ្ទាល់ខ្លួនរបស់ពួកគេទៅជាជម្រកផងដែរក្នុងករណីចាំបាច់។
បន្ថែមពីនោះនៅពេលដែលបញ្ជីនេះត្រូវបានចងក្រង ជនជាតិអាល្ឡឺម៉ង់នឹងអាចប្រើកម្មវិធីមួយដើម្បីកំណត់ទីតាំងលេនដ្ឋានដែលនៅជិតបំផុតរបស់ពួកគេ។
ខណៈពេលដែលអ្នកនាំពាក្យមិនបានលើកឡើងពីជម្លោះអ៊ុយក្រែនក្នុងអំឡុងពេលធ្វើបទសម្ភាសន៍របស់គាត់នោះ កាសែតអាល្លឺម៉ង់ Bild បានអះអាងនៅព្រឹកថ្ងៃចន្ទថាការសម្រេចចិត្តពង្រីកបណ្តាញលេនដ្ឋានរបស់អាល្លឺម៉ង់ត្រូវបានធ្វើឡើងក្រោមការយល់ឃើញនៃការគំរាមកំហែងនៃសង្គ្រាមជាមួយរុស្ស៊ី។
គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់ បានងើបចេញពីសង្រ្គាមត្រជាក់ជាមួយនឹង លេណដ្ឋានបែបនេះជាង ២,០០០កន្លែង ទោះបីជាប្រហែលបីភាគបួន នៃចំនួនទាំងនេះត្រូវបាន រំសាយចេញចាប់តាំងពីពេលនោះមក ។
បណ្តាញរបស់អាល្លឺម៉ង់បច្ចុប្បន្នមាន លេណដ្ឋានចំនួន៥៧៩កន្លែង សម្រាប់ផ្ទុកមនុស្សប្រហែល៤៨០,០០០ នាក់ ដែលជាប្រភាគ នៃចំនួនប្រជាជនរបស់ប្រទេសចំនួន៨៤ លាននាក់៕
ប្រែសម្រួល៖ស៊ុនលី