កូឡុំបូ៖ យោងតាមមជ្ឈមណ្ឌល គ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសស្រីលង្កា ហៅកាត់ (DMC) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពលរដ្ឋជាង៥០.០០០នាក់ បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ទាក់ទងនឹងព្យុះភ្លៀងនៅក្នុងសង្កាត់ នៃរដ្ឋបាលចំនួន១០ នៅក្នុងប្រទេសស្រីលង្កា គិតចាប់តាំងពីថ្ងៃទី ២២ខែវិច្ឆិកាមកនេះ ។
មជ្ឈមណ្ឌល DMC បានបញ្ជាក់ថា ពលរដ្ឋចំនួន៥២.៦២៩នាក់មកពី ១៥.០២៣គ្រួសារ បានរងផលប៉ះពាល់ដោយសារ គ្រោះមហន្តរាយដូចជា គ្រោះទឹកជំនន់ ខ្យល់បក់ខ្លាំង រន្ទះ និងដើមឈើដួលរលំនៅក្នុងស្រុក ទាំងនេះនៅភាគខាងជើង Uva ភាគខាងលិច នៅខាងជើង Sabaragamuwa ខេត្តភាគខាងត្បូង និងនៅភាគខាងកើតប្រទេស ។
នាយកដ្ឋានឧតុនិយមរបស់ប្រទេសស្រីលង្កា បានប្រកាសឲ្យដឹងកាលពីថ្ងៃចន្ទថា តំបន់សម្ពាធទាបនៅឈូងសមុទ្រ បេងហ្គាល់ (Bengal) ភាគនិរតីបានបង្កើនឥទ្ធិពលទៅជាសម្ពាធទាប ។
យោងតាមនាយកដ្ឋានដដែលនេះបានឱ្យដឹងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងលើសពី ១៥០មីលីម៉ែត្រ ទំនងជាកើតមានឡើងនៅកន្លែងខ្លះ ក្នុងខេត្តភាគខាងជើង និងស្រុក Trincomalee ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា