ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស G7 ជំរុញឱ្យអ៊ីស្រាអែលគោរពតាមច្បាប់អន្ដរជាតិ

Pune.News

បរទេស៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ (G7) បានអំពាវនាវឱ្យអ៊ីស្រាអែល គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិនៅក្នុងកិច្ចប្រជុំមួយ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។

រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេគាំទ្របទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា និងការអនុវត្តពេញលេញនៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៧០១ ។

រដ្ឋមន្ត្រី​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា។  ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល បន្ធូរបន្ថយឧបសគ្គលើជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅក្នុងតំបន់ ដែលកំពុងរងគ្រោះដោយជម្លោះ។

ពួកគេបានឲ្យដឹងថា “អ៊ីស្រាអែល ត្រូវតែគោរពយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិក្នុងគ្រប់កាលៈទេសៈទាំងអស់ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top