បរទេស៖ ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលទំនើប នៅលើខ្សែសង្វាក់កោះជប៉ុន ដែលនៅជិតកោះតៃវ៉ាន់ គឺកំពុងជំរុញឱ្យមានការឆ្លើយតប យ៉ាងខឹងសម្បារពីទាំងប្រទេសចិន និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងរៀបចំ ផែនការយោធារួមគ្នាជាមួយប្រទេសជប៉ុន ដើម្បីដាក់ពង្រាយប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តខ្ពស់ (HIMARS) និងសព្វាវុធផ្សេងទៀតទៅកាន់កោះ Nansei របស់ប្រទេសជប៉ុន, នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃអាទិត្យដោយ Kyodo News ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ។ ផែនការនេះត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់នៅខែធ្នូ។
ខ្សែសង្វាក់កោះនេះលាតសន្ធឹងពីកោះសំខាន់ៗ របស់ប្រទេសជប៉ុនទៅកាន់ចម្ងាយ ២០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់ ហើយរួមបញ្ចូលកោះ Okinawa ដែលមានវត្តមានយោធាដ៏ធំរបស់ សហរដ្ឋអាមេរិកផងដែរ។ អាមេរិកអាចប្រើមីស៊ីលនេះដើម្បីការពារកោះតៃវ៉ាន់ ក្នុងករណីចិនឈ្លានពានលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។
សារព័ត៌មាន Kyodo បានផ្សាយថា ផែនការនេះ ដែលជាប្រតិបត្តិការរួមគ្នាលើកដំបូង ដោយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីរៀបចំសម្រាប់សង្រ្គាមរវាង កោះតៃវ៉ាន់ និងចិន នឹងពាក់ព័ន្ធនឹងការបញ្ជូនកងវរសេនាធំ កងម៉ារីនអាមេរិកដែលមាន ប្រព័ន្ធមីស៊ីល HIMARS និងបង្កើតមូលដ្ឋានបណ្តោះអាសន្ននៅលើកោះ Nansai ដើម្បីឈរជើងពួកគេ។ កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន នឹងត្រូវបានរំពឹងថា នឹងផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូន រួមទាំងប្រេងឥន្ធនៈ និងគ្រាប់រំសេវផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានរិះគន់ផែនការដែលបានរាយការណ៍ នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃចន្ទដោយនិយាយថា “ប្រទេសចិនប្រឆាំងនឹងប្រទេសពាក់ព័ន្ធ ដែលប្រើបញ្ហាកោះតៃវ៉ាន់ជាលេសដើម្បី ពង្រឹងការដាក់ពង្រាយយោធានៅក្នុងតំបន់ បង្កើនភាពតានតឹង និងការប្រឈមមុខគ្នា និងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា