ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា ស្វាគមន៍បទឈប់បាញ់ នៅលីបង់ និងជំរុញឱ្យមានសន្តិភាព ក្នុងតំបន់កាន់តែទូលំទូលាយ

xinhua

គ៊ែរ៖ បណ្តាប្រទេសនៅមជ្ឈិមបូព៌ា បានស្វាគមន៍ការប្រកាសបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដោយសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលដល់ការ កាត់បន្ថយកាន់តែទូលំទូលាយនៅក្នុងតំបន់ ។

គណៈរដ្ឋមន្ត្រីសន្តិសុខ របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃអង្គារ បានអនុម័តកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយប្រទេសលីបង់ ដោយបើកផ្លូវ សម្រាប់ការបញ្ចប់ជម្លោះជិត ១៤ខែដែលជាប់ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិ ប៉ាឡេស្ទីនចំនួន ៤៤,២៨២នាក់គិតត្រឹមថ្ងៃពុធ។

យោងតាមអាជ្ញាធរសុខាភិបាលលីបង់ ជម្លោះនៅក្នុងប្រទេសលីបង់បានសម្លាប់មនុស្ស ៣,៨២៣នាក់ និងរបួស ១៥,៨៥៩នាក់ទៀតគិតត្រឹមថ្ងៃអង្គារថ្មីៗនេះ។  អាជ្ញាធរអ៊ីស្រាអែល បានឲ្យដឹងថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែត របស់ក្រុមហេសបូឡា បានសម្លាប់ជនស៊ីវិល ៤៥នាក់កាលពីឆ្នាំមុន ហើយយ៉ាងហោចណាស់ទាហាន អ៊ីស្រាអែល ៧៣នាក់ត្រូវបានសម្លាប់ ចំពេលប្រតិបត្តិការនៅភាគ ខាងត្បូងប្រទេសលីបង់ ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃដំបូង នៃបទឈប់បាញ់ នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់លោក Najib Mikati បានជំរុញឱ្យអ៊ីស្រាអែល “ប្តេជ្ញាទាំងស្រុង ចំពោះដំណោះស្រាយបទឈប់បាញ់ ដោយដកខ្លួនចេញពីគ្រប់តំបន់ និងទីកន្លែង ដែលខ្លួនបានកាន់កាប់ ហើយអនុវត្តដំណោះស្រាយ ១៧០១ ជារួម”។

នៅក្រោមបទឈប់បាញ់ ដែលបានចូល ជាធរមាននៅថ្ងៃពុធ កងទ័ពលីបង់នឹងកាន់កាប់ទឹកដី នៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ីស្រាអែល ក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់។  ទន្ទឹមនឹងនេះ អ៊ីស្រាអែលនឹងដកទ័ពរបស់ខ្លួនចេញ ពីតំបន់ជាបណ្តើរៗ ហើយជនស៊ីវិលនឹងត្រូវបាន អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top