ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើបទឈប់បាញ់ នៅតំបន់ហ្គាហ្សា

AFP

ហ្គាហ្សា៖ ក្រុមហាម៉ាស់បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុង ការសហការជា មួយកិច្ចខិតខំប្រឹង ប្រែងបទឈប់បាញ់ណាមួយ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានធ្វើឡើង រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់។

ចលនានេះបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “យើងកំពុងអនុវត្ត តាមវឌ្ឍនភាព នៃកិច្ចព្រមព្រៀងនៅ ក្នុងប្រទេសលីបង់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត របស់យើងក្នុងការសហការ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីបញ្ឈប់ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ចលនានេះមានការព្រួយបារម្ភ ជាមួយនឹងការបញ្ឈប់ “ការឈ្លានពានមកលើប្រជាជន របស់យើង ដែលយើងបានព្រមព្រៀងគ្នាក្នុងថ្នាក់ជាតិ នោះគឺបទឈប់បាញ់ ការដកកងកម្លាំងកាន់កាប់ ការវិលត្រឡប់ របស់ជនភៀសខ្លួន និងការសម្រេចបាននូវភាពជាក់ស្តែង និងកិច្ចព្រមព្រៀង ដោះដូរ អ្នកទោសពេញលេញ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហាម៉ាស់ បានអំពាវនាវ ដល់ប្រទេសអារ៉ាប់ និងឥស្លាម និង “កងកម្លាំងនៃពិភពលោកសេរី” ឱ្យចាត់វិធានការធ្ងន់ធ្ងរ និងដាក់សម្ពាធ លើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឱ្យបញ្ឈប់ “ការឈ្លានពានដ៏ឃោរឃៅ របស់ពួកគេប្រឆាំងនឹងប្រជាជន ប៉ាឡេស្ទីនរបស់យើង” ។

គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​សន្តិសុខ​ របស់​អ៊ីស្រាអែល​ បាន​អនុម័ត​កាលពី​យប់​ថ្ងៃ​អង្គារ ​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​ក្រុម​ហេសបូឡា ដែល​ចូល​ជាធរមាន​នៅ​ព្រឹក​ថ្ងៃ​ពុធ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top