ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា ខ្លួនសងសឹក ដោយបានវាយប្រហារ ទៅលើទីតាំងបាញ់មីស៊ីល និងទីតាំងរបស់គ្រូ បណ្តុះបណ្តាលបរទេស និងទាហានស៊ីឈ្នួល របស់អ៊ុយក្រែន

RT News

បរទេស ៖ ក្រសួងការពារជាតិ ទីក្រុងមូស្គូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារសងសឹក ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹង អ៊ុយក្រែន ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ក្នុងការវាយប្រហារឆ្លងព្រំដែនរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅលើ Telegram ថា កងទ័ពបានវាយលុកទីតាំងរបស់មីស៊ីល ATACMS និងទីតាំងជាកន្លែងទទួលគ្រូបណ្តុះបណ្តាលបរទេស និង ទាហានស៊ីឈ្នួល។ ការវាយប្រហារនេះបានកើតឡើង ជាការឆ្លើយតបទៅនឹងក្រុងកៀវ ដែលប្រើអាវុធលោកខាងលិចសំដៅលើទឹកដីរុស្ស៊ីដែលទទួលស្គាល់ ជាអន្តរជាតិកាលពីសប្តាហ៍មុន។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា យោធាអ៊ុយក្រែនបានបាញ់ មីស៊ីល Storm Shadows ផលិតដោយអង់គ្លេស និងមីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិក ទៅកាន់គោលដៅដែលមានទីតាំងនៅ Bryansk និងតំបន់ Kursk របស់រុស្ស៊ី។

យោងតាមប្រធានាធិបតីបាននិយាយថា ការវាយប្រហារភាគច្រើនត្រូវបានស្ទាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ទោះបីជាការវាយប្រហារប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជានៅក្នុងតំបន់ Kursk បានបណ្តាលឱ្យមានអ្នករងរបួសមួយ ចំនួនក្នុងចំណោមយោធាដែលយាមកន្លែងនេះក៏ដោយ។

ក្រសួងបាននិយាយថា ជាការឆ្លើយតប កងកម្លាំងរុស្ស៊ីបានបំផ្លាញឧបករណ៍បាញ់កាំជ្រួចមីស៊ីលសរុបចំនួន ៥គ្រឿង ដែលមានសមត្ថភាពបាញ់មីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារមួយនៅតំបន់ Sumy ភាគខាងជើងនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា៕
ប្រែសម្រួលៈ ណៃតុលា

To Top