តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា សមាជិកជាន់ខ្ពស់របស់ខ្លួនម្នាក់ ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារ នៅក្នុងប្រទេសស៊ីរី ដោយក្រុមភេរវករ ដោយមាន ទំនាក់ទំនង ជាមួយអ៊ីស្រាអែល នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយ នៅលើបណ្តាញព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC បានកំណត់អត្តសញ្ញាណសមាជិក ដែលត្រូវបានសម្លាប់ថា ជាលោក Kioumars Pourhashemi “ទីប្រឹក្សាយោធាជាន់ខ្ពស់” នៅក្នុងប្រទេសស៊ីរី ដោយបន្ថែមថា លោកត្រូវបានសម្លាប់ កាលពីយប់ថ្ងៃពុធដោយ “ភេរវករ Takfiri” ដឹកនាំដោយអ៊ីស្រាអែល នៅជាយក្រុង អាឡិបប៉ូ ។
លោក Pourhashemi បានប្រយុទ្ធឱ្យអ៊ីរ៉ង់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយបានបម្រើការជា “ទីប្រឹក្សាយោធា” នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំបន្ទាប់។ ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) និងក្រុមសម្ព័ន្ធមិត្ត កាលពីថ្ងៃពុធ បានបើកការវាយលុកដ៏ធំនៅតំបន់ជនបទភាគខាងលិចនៃទីក្រុងអាឡិបប៉ូ ដោយជំរុញឱ្យកងទ័ពស៊ីរី ចូលរួមប្រយុទ្ធឆ្លើយ តបជាមួយពួកគេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា ចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នាមក យ៉ាងហោចណាស់អ្នកប្រយុទ្ធចំនួន ១៥៣ នាក់ត្រូវបានសម្លាប់ ក្នុងនោះមានយុទ្ធជន HTS ចំនួន ៨០នាក់ និងក្រុមឧទ្ទាមសម្ព័ន្ធមិត្តនៃអ្វីដែលគេហៅថា កងទ័ពជាតិ ១៩នាក់ ទាហានរដ្ឋាភិបាលស៊ីរី ៥៤នាក់ រួមទាំងមន្ត្រីយ៉ាងហោចណាស់ ៤ នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា