ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យដកប្រព័ន្ធមីស៊ីល របស់អាមេរិក ចេញពីហ្វីលីពីន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យមានការ ដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់សហរដ្ឋអាមេរិក ចេញពីប្រទេសហ្វីលីពីន។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីព័ត៌មានដែលថា ហ្វីលីពីន កំពុងពិចារណាទិញប្រព័ន្ធមីស៊ីល ពីសហរដ្ឋអាមេរិក។

លោក បានលើកឡើងថា ប្រទេសចិនបានសម្តែងការ ប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ចំពោះការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្វីលីពីន។ ដោយហៅប្រព័ន្ធមីស៊ីល Typhon ថាជា “អាវុធវាយលុក” លោក Wu បានឲ្យដឹងថា ការទទួលយករបស់ហ្វីលីពីន ចំពោះការដាក់ពង្រាយរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានការប្រឈមមុខគ្នាផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំង និងបង្កើនភាពតានតឹងនៅក្នុងតំបន់។

នេះមិនមែនជារឿងតែមួយគត់ សម្រាប់ហ្វីលីពីននោះទេ។ លោក Wu បានលើកឡើងថា វាទាក់ទងនឹងសន្តិសុខរួម របស់ប្រទេសទាំងអស់ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា “ប្រវត្តិសាស្ត្រ និងការពិត បានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថា កន្លែងដែលមានអាវុធ របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយ នោះនឹង មានហានិភ័យខ្ពស់នៃជម្លោះ” ។ លោកបានបន្ថែមថា “យើងជំរុញឱ្យភាគី ពាក់ព័ន្ធដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon ជាបន្ទាន់” ដោយសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក និងហ្វីលីពីន ទទូចឱ្យបន្តដើរលើផ្លូវខុសនោះ ភាគីចិន នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top