អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានឲ្យដឹងថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើពន្ធគួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោក Trudeau ត្រូវបានដកស្រង់សម្តីដែលឲ្យដឹងនៅកោះ Prince Edward ថា “រឿងមួយដែលសំខាន់ក្នុងការយល់គឺថា លោក ដូណាល់ ត្រាំ នៅពេលដែលលោកធ្វើសេចក្តីថ្លែងការណ៍បែបនោះ លោកមានគម្រោងអនុវត្តវា”។
លោកបានលើកឡើងថា “តាមពិតគាត់នឹងមិនគ្រាន់តែធ្វើបាបជនជាតិកាណាដានោះទេ លោកពិតជានឹងដំឡើងថ្លៃ សម្រាប់ពលរដ្ឋអាមេរិកផងដែរ និងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្ម និងអាជីវកម្មអាមេរិក” ។
យោងតាមរបាយការណ៍ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ប្រទេសកាណាដាអាចប្រើវិធីសាស្រ្តដូចគ្នាក្នុងការធ្វើការជាមួយលោក ត្រាំ ដូចដែលវាបានធ្វើក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី។
លោក Trudeau កាលពីយប់ថ្ងៃពុធបានបើកកិច្ចប្រជុំនិម្មិតជាមួយនាយករដ្ឋមន្ត្រីទាំង១៣ ដើម្បីពិភាក្សាអំពីការគំរាមកំហែងពន្ធរបស់លោក ត្រាំ ។ ឧបនាយករដ្ឋមន្ត្រី Chrystia Freeland បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីប្រើប្រាស់ទំនាក់ទំនង បណ្តាញ និងសមត្ថភាពទាំងអស់របស់ពួកគេ ដើម្បីបញ្ជូនព័ត៌មាន និងសារសំខាន់ៗទៅកាន់ជនជាតិអាមេរិក និងមនុស្សមានឥទ្ធិពល៕
ប្រែសម្រួល ឈូក បូរ៉ា