ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការ​ចោទ​ប្រកាន់ ដែលថាខ្លួនបំពាន​អនុសញ្ញា​អាវុធ​គីមី

afp

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការអះអាងដែលបង្ហាញថា អ៊ីរ៉ង់ បានបំពានលើអនុសញ្ញាអាវុធគីមី (CWC)។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលជាអង្គការស្រាវជ្រាវគោលនយោបាយ ស្តីពីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានចោទប្រកាន់ថា អ៊ីរ៉ង់បាននិងកំពុងផ្តោតលើរបៀបផលិត និងចែកចាយភ្នាក់ងារគីមី ដែលមានមូលដ្ឋានលើឱសថ សម្រាប់ការប្រើប្រាស់យោធា ដោយដកស្រង់របាយការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកាដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិរបស់អាមេរិក។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ បេសកកម្មការទូតអ៊ីរ៉ង់ បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាអ៊ីរ៉ង់ឈរក្នុងនាមជាហត្ថលេខី ដែលមានទំនួលខុសត្រូវចំពោះ CWC ដែលហាមឃាត់យ៉ាងតឹងរ៉ឹង ចំពោះការអភិវឌ្ឍន៍ ការផលិត និងការស្តុកទុកអាវុធគីមី ដោយអះអាងថា “ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ មិន​មែន​ករណី​មួយ​នៃ​ការ​បំពាន​របស់​អ៊ីរ៉ង់​ត្រូវ​បាន​កត់ត្រា​នោះទេ”។

អ៊ីរ៉ង់បានហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន និងគ្រាន់តែជាការរីករាលដាលនៃសង្គ្រាមចិត្តសាស្ត្រ ដែលត្រូវបានផ្សព្វផ្សាយដោយរបប Zionist (អ៊ីស្រាអែល) បន្ទាប់ពីការបរាជ័យនាពេលថ្មីៗនេះនៅលើរណសិរ្សលីបង់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top