បរទេស៖ យោងតាមអ្នកជំនាញបានឱ្យដឹងថា យុវជនថៃជាង ៤លាននាក់ត្រូវបានទាក់ទាញឱ្យចូលលេងល្បែងអនឡាញ ដែលជាហានិភ័យនៃការវិវត្តទៅជាការញៀន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការព្រមាននេះត្រូវបានចេញដោយលោក Pongthep Wongwatcharapaiboon នាយកមូលនិធិលើកកម្ពស់សុខភាពថៃ ក្នុងអំឡុងសន្និសីទឆ្នាំ២០២៤ នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីល្បែងស៊ីសង (CGS) ដែលធ្វើឡើងនៅតំបន់ Samyan ទីក្រុងបាងកក កាលពីថ្ងៃសុក្រ។
លោកបណ្ឌិត Pongthep បានបញ្ជាក់ពីការកើនឡើងនៃអត្រាប្រេវ៉ាឡង់នៃវេទិកាលេងល្បែងអនឡាញ ដែលជារឿយៗត្រូវបានផ្សព្វផ្សាយដោយអ្នកមានឥទ្ធិពល ដែលបានទាក់ទាញយុវជនថៃជាងបួនលាននាក់ឱ្យចូលលេងល្បែងតាមអ៊ីនធឺណិត។
លោកបន្ថែមថា ល្បែងស៊ីសងឥតឈប់ឈរនាំឱ្យបាត់បង់ការគ្រប់គ្រងខ្លួនឯង។ ទោះបីជាបន្ទាប់ពីជួបប្រទះការខាតបង់ ឬចង់ឈប់ក៏ដោយ ក៏បុគ្គលដែលធ្លាប់បានលេង គឺពិបាកនឹងឈប់ដែរ ដែលនេះជាសញ្ញាគ្រោះថ្នាក់»៕
ប្រែសម្រួលៈ ណៃ តុលា