បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានតែងតាំងលោក Kash Patel ដែលជាអតីតមន្ត្រីសន្តិសុខដែលមានដើមកំណើតឥណ្ឌាដែលស្មោះត្រង់នឹងលោក ឱ្យធ្វើជានាយក FBI ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ត្រាំ បានសរសេរនៅលើ Truth Social នៅថ្ងៃទី ៣០ ខែវិច្ឆិកាថា “ខ្ញុំមានមោទនភាពក្នុងការប្រកាសតែងតាំងលោក Kash Patel ឱ្យដឹកនាំការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ក្រោមការដឹកនាំរបស់លោកស្រី Pam Bondi ដែលជាអគ្គមេធាវីបន្ទាប់។ លោក Patel គឺជាមេធាវីដ៏ប៉ិនប្រសប់ និងជាអ្នកស៊ើបអង្កេត ស្មោះត្រង់នឹងបាវចនា ‘អាមេរិកគឺទីមួយ។ គាត់បានលះបង់អាជីពរបស់គាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការពារជនជាតិអាមេរិក»។
លោក Patel ជាជនជាតិអាមេរិកដើមកំណើតឥណ្ឌា បានបម្រើការជាទីប្រឹក្សានាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិ និងជាទីប្រឹក្សារបស់ប្រធានចារកម្មជាតិរដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ។ លោក Patel បានអំពាវនាវឱ្យដក FBI ចេញពីអំណាចប្រមូលផ្តុំស៊ើបការណ៍របស់ខ្លួន។
បញ្ហាដ៏ធំបំផុតរបស់ FBI គឺប្រតិបត្តិការស៊ើបការណ៍ ខ្ញុំនឹងរុះរើសមាសធាតុនេះ ហើយប្រែក្លាយវាទៅជាសារមន្ទីរ បន្ទាប់មកបញ្ជូនភ្នាក់ងារចំនួន ៧.០០០ នាក់ទូទាំងប្រទេស ដើម្បីតាមចាប់ឧក្រិដ្ឋជន។ អ្នកជាប៉ូលិស ធ្វើការប៉ូលិស»។ នេះបើតាមអ្វីដែលលោក Patel អាយុ ៤៤ ឆ្នាំបាននិយាយកាលពីខែកញ្ញា៕
ប្រែសម្រួលៈ ណៃ តុលា