AMMAN៖ កាលពីថ្ងៃសៅរ៍ កងទ័ពស៊ីរីបានអះអាងថា យោធារបស់ខ្លួនរាប់សិបនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដ៏ធំមួយដោយក្រុមឧទ្ទាម ដែលបានវាយលុកចូលទីក្រុងអាឡិបប៉ូ (Aleppo) ដោយបង្ខំឱ្យកងទ័ពដាក់ពង្រាយឡើងវិញក្នុងការប្រជែងគ្នាដ៏ខ្លាំងក្លាបំផុតចំពោះប្រធានាធិបតី Bashar al-Assad ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានធ្វើការវាយប្រហារទៅលើក្រុមឧទ្ទាមស៊ីរី ដើម្បីគាំទ្រដល់កងទ័ពរបស់ប្រទេសនេះ ។ ការវាយប្រហារតាមផ្លូវអាកាសបានធ្វើតាមអ្វីដែលជាការវាយលុករបស់ក្រុមឧទ្ទាមដ៏ក្លាហានបំផុតអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងសង្គ្រាមស៊ីវិល ដែលនៅសមរភូមិមុខជាច្រើនត្រូវបានជាប់គាំងគិតចាប់តាំងពីឆ្នាំ២០២០ ។
Hayat Tahrir al-Sham ឬ ហៅកាត់ HTS ដែលគេធ្លាប់ស្គាល់ថា ជារណសិរ្ស Nusra ត្រូវបានចាត់តាំងជាក្រុមភេរវករដោយសហរដ្ឋអាមេរិក រុស្ស៊ី តួកគី និងរដ្ឋផ្សេងទៀត ហើយលោក Assad ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងម៉ូស្គូ ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងនៅមុននេះថា សហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍មួយនេះ ។
សង្រ្គាមដែលបានសម្លាប់មនុស្សរាប់សែននាក់ និងជាច្រើនលាននាក់បានផ្លាស់ទីលំនៅបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១មកម្ល៉េះ ដោយមិនមានការបញ្ចប់ជាផ្លូវការអ្វីនោះទេ ទោះបីជាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតបានបញ្ឈប់កាលពីឆ្នាំមុនក្តី បន្ទាប់ពីអ៊ីរ៉ង់ និងរុស្ស៊ី បានជួយរដ្ឋាភិបាលរបស់លោក Assad ឈ្នះលើការគ្រប់គ្រងលើទឹកដីភាគច្រើន និងទីក្រុងធំៗទាំងអស់ក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា