សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល របស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា (កូរ៉េខាងជើង) កាលពីថ្ងៃសៅរ៍ បានជួបពិភាក្សាជាមួយលោក Andrei Belousov រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី នៅទីក្រុងព្យុងយ៉ាង ។
ទីភ្នាក់ងារ KCNA រាយការណ៍ឲ្យដឹងថា នៅក្នុងជំនួបនេះដែរ ភាគីទាំង២ បានផ្លាស់ប្តូរយោបល់ និងឈានដល់ ការឯកភាពគ្នា លើការអភិវឌ្ឍន៍បន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ របស់ប្រទេសទាំង២ និងយុត្តិធម៌អន្តរជាតិ ដើម្បីទប់ទល់នឹងការ ប្រែប្រួលយ៉ាងឆាប់រហ័ស នៃបរិយាកាសសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ។
ទីភ្នាក់ងារព័ត៌មាន KCNA បានផ្សាយថា លោក គីម អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់គាត់ ចំពោះការអភិវឌ្ឍន៍ នៃស្ថានភាពរបស់អ៊ុយក្រែន ។
យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារ KCNAបានឲ្យដឹងថា ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនដែលអនុញ្ញាតឱ្យក្រុងគៀវ វាយលុកមកលើទឹកដីរុស្ស៊ី ដោយប្រើអាវុធវាយប្រហារ ដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយរបស់ពួកគេ គឺស្មើនឹងការអន្តរាគមន៍យោធាដោយផ្ទាល់ ។ មេដឹកនាំកូរ៉េខាងជើងបានថ្លែងថា “វាគឺជាការអនុវត្តសិទ្ធិផ្ទាល់ខ្លួន ។ ការការពារសម្រាប់រុស្ស៊ី ក្នុងការចាត់វិធានការយ៉ាងម៉ឺង ម៉ាត់ដើម្បីធ្វើឱ្យកងកម្លាំង អរិភាពត្រូវតែសងមកវិញនូវអ្វីដែលគេបានធ្វើមកលើខ្លួន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា