ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ គ្រោងនឹងផ្តល់ប្រាក់ ៩.០០០បាត ក្នុងមួយគ្រួសារ ដល់ជនរងគ្រោះដោយទឹកជំនន់ នៅភាគខាងត្បូងប្រទេស

Photo: Royal Thai Navy

បរទេស៖ ឧបនាយករដ្ឋមន្ត្រីរបស់ថៃ លោក Anutin Charnvirakul បាននិយាយថា រដ្ឋាភិបាលមានបំណងផ្តល់សំណង ដល់គ្រប់គ្រួសារដែលរងផលប៉ះពាល់ ដោយទឹកជំនន់នៅភាគខាងត្បូងប្រទេស ជាមួយនឹងទឹកប្រាក់ចំនួន ៩.០០០បាត ក្នុងទម្រង់ស្រដៀងគ្នាទៅនឹងការទូទាត់ ដែលបានធ្វើឡើងចំពោះអ្នកដែលរងផលប៉ះពាល់ ដោយទឹកជំនន់នាពេលថ្មីៗនេះនៅភាគខាងជើង។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Anutin ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ បាននិយាយថា ស្ថានភាពទឹកជំនន់គួរតែប្រសើរឡើង ខណៈដែលខាងព្យាករណ៍អាកាសធាតុព្យាករណ៍ បានឱ្យដឹងពីការថយចុះនៃទឹកភ្លៀង ចាប់ពីពេលនេះតទៅ។

អាជ្ញាធរមូលដ្ឋានកំពុងវាយតម្លៃការ ខូចខាតទាំងផ្ទះប្រជាពលរដ្ឋ និងប្រព័ន្ធសាធារណៈនៅតំបន់ ដែលទឹកបានបង្កការខូចខាត។

លោកបាននិយាយថា រដ្ឋាភិបាលបានអនុម័តថវិកាចំនួន ៧០ លានបាត សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ក្នុងខេត្តដែលលិចទឹក។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) ក៏កំពុងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានផងដែរ នៅក្នុងតំបន់ដែលត្រូវបានប្រកាស ជាតំបន់គ្រោះមហន្តរាយជាផ្លូវការ។ លោកបាននិយាយថា “ជាគោលការណ៍ ការចំណាយចំនួន ៩.០០០ បាតក្នុងមួយគ្រួសារគួរតែត្រូវបាន អនុវត្តចំពោះភាគខាងត្បូង ដូចដែលធ្វើគឺសម្រាប់អ្នកដែលរងគ្រោះ ដោយទឹកជំនន់នៅភាគខាងជើង” ។

បន្ទាប់មកប្រាក់នឹងត្រូវផ្ទេរដោយផ្ទាល់ ទៅក្នុងគណនីរបស់អ្នករងគ្រោះ ដោយទឹកជំនន់នីមួយៗ ប្រសិនបើវិធានការនេះត្រូវបាន អនុម័តដោយគណៈរដ្ឋមន្ត្រី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top