គៀវ៖ នៅក្នុងការផ្លាស់ប្តូរជំហរដ៏សំខាន់មួយ ស្តីពីបទឈប់បាញ់ដ៏មានសក្តានុពល បន្ទាប់ពីជម្លោះរយៈពេល ៣៣ ខែ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបង្ហាញជាលើកដំបូងថា ទីក្រុងគៀវ អាចទទួលយកការគ្រប់គ្រងរបស់រុស្ស៊ី លើទឹកដីមួយចំនួនរបស់ខ្លួនជាថ្នូរនឹង ការប្ដូរយកសមាជិកភាពរបស់ខ្លួន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។
ឥរិយាបថថ្មីរបស់អ៊ុយក្រែន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការឆ្លើយតបទៅនឹងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ចុងក្រោយនេះ ខណៈដែលបំណងប្រាថ្នារបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូ កាន់តែមានភាពស្រពិចស្រពិល ខណៈដែលភាពខុសគ្នារវាង ផែនការសន្តិភាពរបស់លោក ហ្សេឡិនស្គី និងគោលនយោបាយរបស់លោក ត្រាំ នៅតែមានច្រើន។
នៅក្នុងបទសម្ភាសន៍ជាមួយ Sky News លោក ហ្សេឡិនស្គី បានឆ្លើយតបទៅនឹងសំណួរអំពីការលើកឡើងរបស់ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ដែលថា អ៊ុយក្រែន ប្រគល់ទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ទៅចូលរួមជាមួយអង្គការណាតូ ដោយថា អ៊ុយក្រែនត្រូវតែនាំយកទឹកដី ដែលមិនទាន់បានកាន់កាប់ នៅក្រោមការការពាររបស់ណាតូជាមុនសិន ហើយបន្តការប្រគល់ទឹកដី ដែលកាន់កាប់ដោយការទូតឡើងវិញ។
លោកហ្សេឡិនស្គីបានលើកឡើងថា “ប្រសិនបើយើងចង់បញ្ឈប់ ដំណាក់កាលដ៏ខ្លាំងក្លានៃសង្រ្គាម យើងត្រូវនាំយកទឹកដីដែល មិនទាន់បានកាន់កាប់របស់អ៊ុយក្រែន នៅក្រោមឆ័ត្រណាតូ” ។ «យើងត្រូវធ្វើសកម្មភាពឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន ហើយបន្ទាប់មកយើងអាចទទួលបានដី ដែលកាន់កាប់ដោយផ្លូវការទូតមកវិញ»។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ក៏បានជំរុញសមភាគីណាតូ ឱ្យផ្ញើលិខិតអញ្ជើញទៅកាន់ទីក្រុងគៀវ ក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល នៅសប្តាហ៍ក្រោយ ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្ត យោធាលោកខាងលិច។ លោក Sybiha បានសរសេរនៅក្នុងសំបុត្រថា “ការអញ្ជើញមិនគួរត្រូវបានគេមើលឃើញថា ជាការកើនឡើងនូវភាពតានតឹងនោះទេ។ “ផ្ទុយទៅវិញ ជាមួយនឹងការយល់ដឹងយ៉ាងច្បាស់ថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូ គឺជៀសមិនរួច រុស្ស៊ីនឹងបាត់បង់នូវអំណះអំណាងដ៏សំខាន់មួយ សម្រាប់ការបន្តសង្រ្គាម ដែលមិនសមហេតុផលនេះ”។
អ៊ុយក្រែនបញ្ជាក់ថា ខ្លួនទទួលយកថា ខ្លួនមិនអាចចូលរួមសម្ព័ន្ធភាព រហូតដល់សង្គ្រាមបានបញ្ចប់ ប៉ុន្តែការបន្តការអញ្ជើញនាពេលនេះ នឹងបង្ហាញប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាលោកមិនអាចសម្រេចបាននូវ គោលដៅសំខាន់មួយរបស់លោក ពោលគឺរារាំងទីក្រុងកៀវពីការក្លាយជាសមាជិកណាតូ។
ទោះបីជាមានការផ្លាស់ប្ដូរជំហរក៏ដោយ ក៏ភាគីរុស្ស៊ីហាក់ដូចជាមានប្រតិកម្មតិចតួចបំផុត ចំពោះសេចក្តីថ្លែងការណ៍របស់លោក ហ្សេឡិនស្គី ខណៈដែលវិមានក្រឹមឡាំងបាននៅស្ងៀម ចំពោះសុន្ទរកថារបស់លោក។ ទោះយ៉ាងណា លោក Leonid Slutsky ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃរដ្ឋ Duma របស់រុស្ស៊ី បានអំពាវនាវឱ្យអ្នកនយោបាយអ៊ុយក្រែន បោះបង់ចោលមហិច្ឆិតាក្នុងការ ចូលរួមជាមួយអង្គការណាតូ៕
ប្រែសម្រួល ឈូក បូរ៉ា