ព័ត៌មានអន្តរជាតិ

Update: រដ្ឋាភិបាលថៃ ទាមទារឱ្យមីយ៉ាន់ម៉ា ដោះលែងអ្នកនេសាទ របស់ខ្លួន ជាបន្ទាន់

Photo: Thai Maritime Enforcement Command Center

បរទេស៖ រដ្ឋាភិបាលថៃបានទទូចថា យោធាមីយ៉ាន់ម៉ា ដែលបានបើកការបាញ់ ប្រហារលើទូកនេសាទថៃ នៅសមុទ្រ Andaman កាលពីថ្ងៃសៅរ៍គឺជា “ប្រតិកម្មហួសហេតុ” ហើយបានទាមទារម្តងទៀត នូវការទាមទារឱ្យមានការវិល ត្រឡប់ជាបន្ទាន់ នៃនាវិកថៃ ទាំងបួននាក់ ដែលត្រូវបានឃាត់ខ្លួន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បាននិយាយ កាលពីថ្ងៃចន្ទថា ក្រសួងការបរទេសបានផ្ញើ លិខិតតវ៉ាទៅកាន់ប្រទេស មីយ៉ាន់ម៉ារួចហើយ ដោយសង្កត់ធ្ងន់ថា ទូកនេសាទថៃ ដែលពាក់ព័ន្ធ ក្នុងឧបទ្ទវហេតុនេះ គឺជាទូកនេសាទ ដែលគ្មានអាវុធ។

លោកថា «វាមិនច្បាស់ទេថាតើយើងពិតជាបានវង្វេង ចូលទៅក្នុងទឹកដីរបស់ពួកគេ [ប៉ុន្តែ] ពួកគេជាទូកនេសាទ។ ដូច្នេះ យើង​តវ៉ា​តាម​លិខិត​ថា វា​ជា​ប្រតិកម្ម​ហួស​ហេតុ»។

លោក Phumtham បាននិយាយថា ក្រសួងការបរទេសក៏បានកោះហៅឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ាប្រចាំនៅទីក្រុងបាងកក ដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយកិច្ចប្រជុំទំនងជានឹងកើត ឡើងក្នុងរយៈពេលពីរបីថ្ងៃទៀត។

លោក​បន្តថា រដ្ឋាភិបាល​កំពុង​ព្យាយាម​ សម្រប​សម្រួល​ការ​បញ្ជូន​ នាវិក​ថៃ​បួន​នាក់​មក​វិញ។ លោក Phumtham បាននិយាយថា “ពួកគេត្រូវតែត្រឡប់មកវិញ” ។

រដ្ឋមន្ត្រីការពារជាតិក៏បាននិយាយថា ឧបទ្ទវហេតុដែនសមុទ្របែបនេះ រវាងយោធាថៃ និងមីយ៉ាន់ម៉ា មិនបានកើតឡើងអស់ រយៈពេលបីទសវត្សរ៍ មកហើយ។

ជាមួយគ្នានេះ ឧត្តមសេនីយទោ Thanathip Sawangsaeng អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ទូកនេសាទភាគច្រើន មិនមែនមកពីទីក្រុង Ranong ប៉ុន្តែមកពី Phanngga ។ អ្នកបើកទូករបស់​ពួកគេ ​មិន​ស្គាល់​តំបន់​នោះ​ទេ ហើយ​ប្រហែល​ជា ​បាន​ចូល​ទៅ​ក្នុង​ដែនទឹក ​មីយ៉ាន់ម៉ា​ មួយ​ឬ​ពីរ​ម៉ាយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top