ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គាំទ្រដល់រដ្ឋាភិបាលក្រុងដាម៉ាស់ ក្រោយរងការបាញ់ប្រហារ ពីក្រុមឧទ្ទាមមកលើក្រុង Aleppo របស់ប្រទេសស៊ីរី

AFP

តេហរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា លោក Abbas Araghchi  អ្នកការទូតជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ បានជួបជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad នៅទីក្រុងដាម៉ាស់ កាលពីថ្ងៃអាទិត្យ ដើម្បីថ្លែងសារគាំទ្រមួយ ក្រោយពីក្រុមឧទ្ទាមបាញ់ ប្រហារមកលើទីក្រុង Aleppo ដែលជាទីក្រុងទី២របស់ប្រទេសស៊ីរី ។

ក្រុងតេហរ៉ង់ គឺជាសម្ព័ន្ធមិត្ត ដ៏រឹងមាំរបស់លោក al-Assad ក្នុងអំឡុងសង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងក្នុងឆ្នាំ២០១១។ អ៊ីរ៉ង់នៅតែអះអាងថា ខ្លួនមិនមានកងទ័ពប្រយុទ្ធ នៅក្នុងប្រទេសស៊ីរីនោះទេ គឺមានតែមន្ត្រី ដែលផ្តល់ដំបូន្មាន និងបណ្តុះបណ្តាលផ្នែក យោធាតែប៉ុណ្ណោះ ។

គេបានដឹងថា ក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ បានប្រយុទ្ធអស់ រយៈពេលជាច្រើនឆ្នាំ គឺជាអ្នកនៅខាងរដ្ឋាភិបាលស៊ីរី ។

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ ឈ្មោះថា IRNA បានរាយការណ៍មកថា លោក Araghchi និងលោក Assad “បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់” ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីទៀតនោះទេ ។

សេចក្តីថ្លែងការណ៍មួយ ពីប្រធានាធិបតីស៊ីរី បានឲ្យដឹងថា លោក Assad បានសង្កត់ធ្ងន់ទៅលើ “សារៈសំខាន់នៃការគាំទ្រ របស់សម្ព័ន្ធមិត្ត និងមិត្តភក្តិក្នុងការប្រឈមមុខ នឹងការវាយប្រហារភេរវកម្មគាំទ្រ ដោយបរទេស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top