បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យុវជនដែលមានវ័យក្មេងនៅក្នុងតំបន់អឺរ៉ុប និងលោកខាងលិចកាន់តែច្រើន បានបង្ហាញអំពីការព្រួយបារម្ភ ចំពោះបញ្ហាផ្សេងៗដែលមានដូចជា ការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សជំនួសវិញ នៅក្នុងពេលបច្ចុប្បន្ននេះ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច កំពុងមានភាពលំបាកក្នុងការជ្រើសរើស យុវជនជំនាន់ថ្មីដែលមានសមត្ថភាព ខណៈដែលមនុស្សជំនាន់ក្រោយ បានចាប់ផ្តើមផ្តល់អាទិភាពដល់បញ្ហា ដែលមានស្រាប់ដូចជាការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សនេះបើយោងតាមអ្វី ដែលអតីតប្រតិបត្តិការស៊ើបការណ៍សម្ងាត់អង់គ្លេសម្នាក់ បានប្រាប់ទៅកាន់កាសែត ABC News របស់ប្រទេសអូស្ត្រាលី។
យោងតាមអតីតភ្នាក់ងារស៊ើបការណ៍សំងាត់ MI6 និងជាអ្នកនិពន្ធ Harry Ferguson ដែលបានចំណាយពេលជាច្រើន ទស្សវត្សរ៍ធ្វើការឱ្យការស៊ើបការណ៍សម្ងាត់ របស់អង់គ្លេសនៅជុំវិញពិភពលោក មនុស្សវ័យក្មេងមានការមិនសប្បាយចិត្ត នឹងវិធីអតីតកាលនោះទេ។
បុរសរូបនេះបានប្រាប់ ABCបន្ថែមទៀតថា ចាប់រាប់ពីព្រឹកថ្ងៃថ្ងៃទី៩/១១ ព្រឹត្តិការណ៍សង្គ្រាមនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ហើយនៅពេលនេះ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលកំពុង កើតឡើងនៅហ្គាហ្សា និងនៅលីបង់ យុវជនជាច្រើនកំពុងនិយាយថា ហេតុអ្វីបានជាខ្ញុំចង់រួមចំណែកដល់រឿងនោះ នៅពេលដែលអ្នកមិនគួរតែធ្វើនោះ។
អតីតចារកម្មរូបនេះបានកត់សម្គាល់ថា នៅពេលដែលគាត់ត្រូវបានជ្រើសរើសដោយ MI6 ពេលនោះយើងមាន សត្រូវច្បាស់លាស់ដើម្បីប្រយុទ្ធ ។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ បញ្ហាដែលពិភពលោកកំពុងប្រឈមមុខ គឺមិនសូវច្បាស់នោះទេ លោក Ferguson បានកត់សម្គាល់ថា យុវជននៅតែចង់បម្រើសង្គម ប៉ុន្តែមើលឃើញថាតាមរបៀបផ្សេងទៀត ដូចជាការដោះស្រាយការប្រែប្រួលអាកាសធាតុ សិទ្ធិមនុស្ស និងបញ្ហានយោបាយផ្សេងទៀតទៅវិញ។
ដូចដែលបានកត់សម្គាល់ដោយ ABC ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេស និងអូស្ត្រាលីបានចាប់ផ្តើមយុទ្ធនាការ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបន្ធូរបន្ថយលក្ខខណ្ឌជ្រើសរើស បុគ្គលិកជាច្រើនដោយសង្ឃឹមនៃការជំរុញការជ្រើសរើស បុគ្គលិកឲ្យបានល្អប្រសើរឡើងវិញ ហើយមានការចូលរួមច្រើនឡើង៕
ប្រែសម្រួល៖ ស៊ុន លី