បរទេស ៖ កម្មកររាប់ម៉ឺននាក់របស់ក្រុមហ៊ុន Volkswagen (VW) កំពុងចូលរួមក្នុង ការធ្វើកូដកម្មនៅរោងចក្រនានាទូទាំងប្រទេសអាឡឺម៉ង់កាលពីថ្ងៃច័ន្ទ ដោយសារផែនការ របស់ក្រុមហ៊ុនផលិត រថយន្តមួយនេះ ក្នុងការអនុវត្តការបញ្ឈប់ការងារ យ៉ាងច្រើន និងបិទរោងចក្រ ជាច្រើននៅក្នុងប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសហជីពការងារ IG Metall គឺមានកម្មករកំពុងតវ៉ានៅរោងចក្រអាល្លឺម៉ង់ចំនួន០៩របស់ VW រួមទាំងទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុននៅទីក្រុង Wolfsburg ។ ការតវ៉ាក៏ត្រូវបានគេរាយការណ៍ថា បានធ្វើឡើងនៅរោងចក្រ Hanover ដែលមានបុគ្គលិកប្រហែល ១៤.០០០ នាក់ និងនៅរោងចក្រផ្សេងទៀត របស់ក្រុមហ៊ុនរួមមាន Emden, Salzgitter និង Brunswick ។
ប្រភពសហជីពបានប្រាប់សារព័ត៌មាន រ៉យទ័រថា ការធ្វើកូដកម្មរយៈពេលពីរម៉ោងនៅរោងចក្រសំខាន់របស់ក្រុមហ៊ុន VW ក្នុងទីក្រុង Wolfsburg តែម្នាក់ឯង មានន័យថា រថយន្តជាច្រើនរយគ្រឿង មិនអាចផលិតបានទេ។
កូដកម្មដែលគ្រោងនឹងអូសបន្លាយ ជាច្រើនម៉ោង បានកើតឡើងបន្ទាប់ពីរយៈពេលសន្តិភាពជាកាតព្វកិច្ចរវាងកម្មករ និងក្រុមហ៊ុនដែលហាមឃាត់ សកម្មភាពឧស្សាហកម្មបានផុត កំណត់កាលពីថ្ងៃសៅរ៍។
ក្រុមហ៊ុនរថយន្តយក្សមួយនេះ បានចរចាជាច្រើនសប្តាហ៍ជាមួយសហជីពជុំវិញផែនការ កែលម្អអាជីវកម្មរបស់ខ្លួន ដើម្បីរក្សាភាពប្រកួតប្រជែង ដោយសារតម្លៃថាមពលខ្ពស់ជាងមុន និងតម្រូវការចុះទាបនៅចិន និងអឺរ៉ុប ៕
ប្រែសម្រួលៈ ណៃ តុលា