បរទេស៖ បណ្តាប្រទេសណាតូ គ្រោងនឹងចាប់ផ្តើមការប្រកួតសង្រ្គាមសំខាន់ៗ នៅភាគឦសានប្រទេសអេស្តូនី នៅជិតព្រំដែនជាមួយប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ ដោយផ្តោតលើការដាក់ពង្រាយកងកម្លាំង របស់ប្លុកយ៉ាងឆាប់រហ័ស និង ការបង្កើនអន្តរប្រតិបត្តិការរបស់ពួកគេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពប្រហែល ២.០០០ នាក់មកពីប្រទេសអេស្តូនី ឡាតវី សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស គ្រោងនឹងចូលរួមក្នុងសមយុទ្ធ Pikne (‘Lightning’) រយៈពេលពីរសប្តាហ៍ ដែលជាផ្នែកនៃកម្មវិធី Brilliant Eagle ដ៏ទូលំទូលាយរបស់អង្គការណាតូ ដែលឧទ្ទិសដល់ការបង្កើនការដាក់ពង្រាយរបស់ប្លុក និង សមត្ថភាពសហប្រតិបត្តិការក្នុងតំបន់សមុទ្របាល់ទិក។
យោងតាមមេបញ្ជាការកងពលអេស្តូនី ឧត្តមសេនីយឯក Indrek Sirel ដែលជាអ្នកដឹកនាំសមយុទ្ធ គឺថា ហ្គេមសង្រ្គាមនឹងផ្តោតលើ “ការដាក់ពង្រាយការពង្រឹង និងកិច្ចសហប្រតិបត្តិការយ៉ាងឆាប់រហ័សរវាងកងកម្លាំងបារាំង អង់គ្លេស និងអេស្តូនី”។ លោក Sirel បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អង្គភាពនៃកងកម្លាំងប្រដាប់អាវុធបារាំង នឹងអនុវត្តប្រតិបត្តិការដាក់ពង្រាយយ៉ាងឆាប់រហ័សទៅកាន់ប្រទេសអេស្តូនីតាមអាកាស អមដោយសមយុទ្ធពហុជាតិរួមគ្នាលើដី អាកាស និងសមុទ្រ។
សប្តាហ៍ដំបូងនៃសមយុទ្ធនឹងត្រូវឧទ្ទិសដល់ចលនា នៃអង្គភាព និងការអនុវត្តកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ផ្សេងៗនៃភាគខាងជើង និងឦសានអេស្តូនី ក៏ដូចជាឈូងសមុទ្រហ្វាំងឡង់ ហើយនឹងផ្តោតលើការធ្វើប្រតិបត្តិការជា “កម្លាំងចម្រុះដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលកំពុងលេចឡើងនៅលើ ដី លើអាកាស និងនៅសមុទ្រ”។ សប្តាហ៍ទីពីរនឹងរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ ពិតជាមួយនឹងឧបករណ៍ប្រយុទ្ធធុនធ្ងន់ និងយន្តហោះយោធា។
សមយុទ្ធនេះធ្វើឡើង ខណៈភាពតានតឹងរវាងរុស្ស៊ី និងអូតង់បានបន្តកើនឡើង ។ ទីក្រុងម៉ូស្គូបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការពង្រីកប្លុកដឹកនាំដោយសហរដ្ឋអាមេរិក ឆ្ពោះទៅព្រំដែនរបស់ខ្លួនតំណាង ឱ្យការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា