ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងខ្លាំង ចំពោះវិធានការត្រួតពិនិត្យចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិក លើការនាំចេញ semiconductor ដោយហៅការផ្លាស់ប្តូរនេះថា ជាការបង្ខិតបង្ខំសេដ្ឋកិច្ច និងការអនុវត្តមិនមែនទីផ្សារ ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកកំពុងនិយាយរឿងមួយ និងធ្វើមួយទៀត ដោយឥតឈប់ឈរ លើគោលគំនិតនៃ “សន្តិសុខជាតិ” ដោយបំពានលើវិធានការត្រួតពិនិត្យ ការនាំចេញ និងចូលរួមក្នុងអាកប្បកិរិយាគំរាមកំហែងឯកតោភាគី ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ឧស្សាហកម្ម semiconductor មានសកលភាវូបនីយកម្ម យ៉ាងខ្លាំង ដោយបន្ថែមថា ការបំពានរបស់សហរដ្ឋអាមេរិក លើវិធានការបទប្បញ្ញត្តិ បានរារាំងយ៉ាងធ្ងន់ធ្ងរ ដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសនានា ធ្វើឱ្យខូចដល់ច្បាប់ទីផ្សារ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃ ខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ឧស្សាហកម្ម semiconductor ពិភពលោក រួមទាំងក្រុមហ៊ុនអាមេរិក ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយបន្ថែមថាប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា