យូអិន ៖ អ្នកនាំពាក្យឲ្យដឹងដា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ចំពេលមានការកើនឡើង នៃអំពើហិង្សានាពេលថ្មីៗនេះ នៅក្នុងប្រទេសស៊ីរី។
លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោក Guterres មានការភ្ញាក់ផ្អើល ចំពោះការកើនឡើង នៃអំពើហិង្សានាពេលថ្មីៗនេះ នៅទូទាំងភាគពាយ័ព្យប្រទេសស៊ីរី។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ដោយរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌ និងបានជំរុញឱ្យមានការវិលត្រឡប់ជាបន្ទាន់ទៅកាន់ដំណើរការនយោបាយ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ស្របតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២២៥៤ ឆ្នាំ២០១៥។
សេចក្តីថ្លែងការណ៍របស់លោក Guterres បានកើតឡើងបន្ទាប់ពីក្រុម Hayat Tahrir al-Sham ដែលជាក្រុមដែលត្រូវបានចាត់តាំងជាក្រុមភេរវករដោយក្រុមប្រឹក្សាសន្តិសុខ និងក្រុមប្រឆាំង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនបានបើកការវាយលុករបស់ពួកឧទ្ទាមដ៏ធំមួយកាលពីសប្តាហ៍មុននៅភាគពាយព្យនៃទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរី និងបានផ្លាស់ប្តូរជម្លោះជួរមុខ ដែលមានស្ថេរភាពចាប់តាំងពីឆ្នាំ២០២០។
យោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ មានរបាយការណ៍អំពីការបាត់បង់ជីវិតជនស៊ីវិល ការផ្លាស់ទីលំនៅរបស់មនុស្សរាប់ម៉ឺននាក់ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការរំខានដល់សេវាកម្មសំខាន់ៗ និងជំនួយមនុស្សធម៌៕
ប្រែសម្រួល ឈូក បូរ៉ា