ព័ត៌មានអន្តរជាតិ

លោក Zelensky ជួបជាមួយលោក  Scholz អធិការ បតីអាល្លឺម៉ង់ ដើម្បីពិភាក្សា អំពីការគាំទ្រផ្នែកយោធា និងកិច្ចការទូត សម្រាប់អ៊ុយក្រែន

AFP

គៀវ៖ ក្រុមសេវាកម្មព័ត៌មានរបស់លោក Zelensky បានឲ្យដឹងថា កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានជួបប្រជុំគ្នានៅទីនេះ ដើម្បីពិភាក្សាអំពីការគាំទ្រ ផ្នែកយោធា និងកិច្ចការទូតសម្រាប់ក្រុងគៀវ នៅក្នុងប៉ុន្មានខែខាងមុខនេះ ។
យោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រប្រធានាធិបតី បានឲ្យដឹងថា កិច្ចពិភាក្សាបានផ្តោត លើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអ៊ុយក្រែន និងអាល្លឺម៉ង់ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងទៀត ។

លោក Zelensky បានសម្តែងការដឹងគុណ ដល់លោក Scholz សម្រាប់ការគាំទ្រផ្នែកយោធាបន្តរបស់អាល្លឺម៉ង់ រួមទាំងការផ្តល់ប្រព័ន្ធការពារ ដែនអាកាស Patriot និង IRIS-T ក៏ដូចជាកាំភ្លើងប្រឆាំងយន្តហោះ Gepard ផងដែរ ។

លោក Zelensky ក៏បានស្វាគមន៍កញ្ចប់ជំនួយយោធា ចុងក្រោយបង្អស់ របស់ប្រទេសអាល្លឺម៉ង់ ដែលមានទឹកប្រាក់ ៦៥០លានអឺរ៉ូ ស្មើនឹងប្រហែល៦៨៣លានដុល្លារសហរដ្ឋអាមេរិក ដែលគ្រោងនឹងផ្តល់ឱ្យនៅក្នុងខែនេះ ។

លោក Scholz បានកត់សម្គាល់ថា ជំនួយផ្នែកយោធារបស់អាល្លឺម៉ង់ដល់ក្រុងគៀវ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែនពេញមួយថ្ងៃ បានឈានដល់២៨ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល២៩,៤ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top