បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានដាក់ច្បាប់អាជ្ញាសឹក ជាបន្ទាន់កាលពីថ្ងៃអង្គារ ដោយចោទក្រុមប្រឆាំង ដែលលោកអះអាងថា មានការអាណិតអាសូរ ដល់កូរ៉េខាងជើង អំពីសកម្មភាព “ប្រឆាំងរដ្ឋ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Yoon Suk Yeol បាននិយាយថា “ច្បាប់អាជ្ញាសឹក មានគោលបំណង លុបបំបាត់កងកម្លាំង ដែលគាំទ្រកូរ៉េខាងជើង និងការពារសិទ្ធិសេរីភាព តាមរដ្ឋធម្មនុញ្ញ”។
ប៉ុន្តែយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយមក ស្រាប់តែតំណាងរាស្រ្តចំនួន ១៩០នាក់ ដែលអាចចូលទៅដល់អគាររដ្ឋសភា បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីដកក្រឹត្យនេះចេញវិញ ។ យ៉ាងណាក៏ដោយ យោធាបាននិយាយថា ច្បាប់អាជ្ញាសឹកនឹង នៅតែមានរហូតដល់ប្រធានាធិបតីនិយាយក្នុងកាលៈទេសៈផ្សេងទៀត។
មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង គឺលោក Lee Jae-myung បានថ្កោលទោសទង្វើនេះ ហើយថា “ខុសពីរដ្ឋធម្មនុញ្ញ” ហើយបានអំពាវនាវឱ្យយោធា និងប៉ូលីស បន្តបំពេញមុខងារ ធម្មតារបស់ពួកគេ។
ភាពចលាចលនេះកើតឡើង បន្ទាប់ពីគណបក្សរបស់លោក Lee បានច្រានចោលច្បាប់ថវិកាឆ្នាំ ២០២៥ របស់ប្រធានាធីបតី Yoon កាលពីសប្តាហ៍មុន ហើយបាននិងកំពុង អំពាវនាវ ឱ្យមានការស៊ើបអង្កេតលើរឿងអាស្រូវ ជាច្រើនជុំវិញប្រពន្ធ របស់លោកប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ ៕
ប្រែសម្រួលៈ ណៃ តុលា